(កំពង់ឆ្នាំង)៖ ដោយមានការខិតខំប្រឹងប្រែងពីប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង និងមានការយកចិត្តទុកដាក់ពីប្រធានមន្ទីរពេទ្យបង្អែកខេត្តផងនោះ ត្រឹមតែរយៈពេល៤ថ្ងៃ គិតត្រឹមថ្ងៃទី២ ខែមីនា មកដល់ថ្ងៃ៥ ខែមីនា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់មន្ត្រីជួរមុខរបស់ខេត្តបានជិត១ពាន់នាក់ហើយ។

ថ្ងៃនេះបុគ្គលិកសុខាភិបាលយើងកំពុងចាក់ជូនមន្ត្រីនគរបាល មន្ត្រីពន្ធធនាគារ បុគ្គលិកសុខាភិបាល មន្ត្រីពន្ធដា និងមន្ត្រីគយ នៅក្នុងខេត្តជាបន្តទៀត។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។

លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ចូលមកដល់ថ្ងៃទី៤នេះ ថ្នាក់ដឹកនាំក្នុងខេត្តមួយចំនួនក៏បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩បានមួយលើកហើយដែរ។

ដោយឡែកលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី៥ ខែមីនា នេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា យៈពេល៤ថ្ងៃនេះ មន្ត្រីសុខាភិបាល បានចាក់នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ និងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ចំនួនអ្នកសុំចាក់វ៉ាក់សាំង១០៨៤នាក់ (ស្រី៣០៧នាក់) តែចាក់បានចំនួន៩៨២នាក់ (ស្រី២៦៩នាក់) មិនអាចចាក់បានមានចំនួន៨៣នាក់ (ស្រី៣៨នាក់) មិនស្ម័គ្រចិត្តចាក់៩នាក់ (ស្រី៣នាក់)។

លោកក៏បានឲ្យដឹងដែរថា បន្ទាប់ពីចាក់ជូនសមត្ថកិច្ចនគរបាល និងមន្ត្រីរាជការរួចហើយជាបន្ត នឹងត្រូវចាក់ជូនអាជ្ញាធរស្រុកឃុំ និងភូមិជាបន្តទៀតផងដែរ។ សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងទទួលបានវ៉ាក់សាំងការពារកូវីដ១៩ Sinopharm ពីក្រសួងសុខាភិបាលចំនួន៧២២៥ដូស៕