(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង សូមជម្រាបជូនដំណឹងដល់សមាគមសុវត្ថិភាពដឹកជញ្ជូនអ្នកដំណើរ និងបងប្អូនម្ចាស់រថយន្តដឹកអ្នកដំណើរទាំងអស់ ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវតាមដានបុគ្គលសង្ស័យមានផ្ទុកកូវីដ១៩ អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលនៅក្នុងខេត្តស្វាយរៀង។

រដ្ឋបាលខេត្តសូមណែនាំដល់សមាគមសុវត្ថិភាពដឹកជញ្ជូនអ្នកដំណើរ និងបងប្អូនម្ចាស់រថយន្តដឹកអ្នកដំណើរទាំងអស់ក្នុងខេត្ដ ត្រូវយកឈ្មោះលេខទូរស័ព្ទ ថតអត្តសញ្ញាណប័ណ្ណ និងថតរូបអ្នកដំណើរតាមរថយន្តឈ្នួលទាំងអស់ទុក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកកូវីដនៅខេត្តស្វាយរៀង។

ការជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀងបែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីមានស្ត្រីជនជាតិវៀតណាមចំនួន២នាក់ ដែលធ្វើដំណើរឆ្លងកាត់ខេត្តស្វាយរៀង ហើយបានធ្វើតេស្តឃើញមានជំងឺកូវីដ១៩កាលពីថ្ងៃទី៣ ខែមីនា កន្លងទៅនេះ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕