(កណ្ដាល)៖ មនុស្សចំនួន៧២៣នាក់ ត្រូវបានដាក់ឲ្យនៅធ្វើចត្តាឡីស័កក្នុងកាស៊ីណូ «យ៉ុងយ័ន» ដែលមានទីតាំងស្ថិតនៅឯស្រុកកោះធំ ត្រូវបានដាក់ឲ្យបន្តធ្វើចត្តាឡីស័ក ក្រោយរកឃើញបុរសជនជាតិចិន២នាក់ មានវិជ្ជមានកូវីដ១៩។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ ក្នុងការចុះពិនិត្យទីតាំងកាស៊ីណូយីហោ «យ៉ុងយ័ន» ដែលការចុះនេះ ធ្វើឡើងបន្ទាប់ពីរកឃើញបុរសជនជាតិចិនម្នាក់មានផ្ទុកជំងឺកូវីដ១៩ ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

លោក គង់ សោភ័ណ្ឌ បានឱ្យដឹងថា កាស៊ីណូ និងសណ្ឋាគារមួយកន្លែងនេះ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បន្ទាប់ពីរកឃើញថា មានជនជាតិចិនពីរនាក់ បានមកលេងនៅកាស៊ីណូនេះ កាលពីកំឡុងមុនថ្ងៃទី២០ ខែកុម្ភៈ ហើយអាជ្ញាធរខេត្ត បានធ្វើការបិទទីនេះជាបណ្ដោះអាសន្ន ដោយបានណែនាំដល់អាជ្ញាធរស្រុក មន្ត្រីសុខាភិបាល និងអ្នកគ្រប់គ្រងកាស៊ីណូ ត្រូវហាមឃាត់ភ្ញៀវដែលមកលេងកំសាន្ត និងបុគ្គលិករបស់កាស៊ីណូ មិនឲ្យចេញក្រៅពីបរិវេនកាស៊ីណូឡើយ ហើយត្រូវធ្វើចត្តាឡីស័កនៅទីនេះទាំងអស់។

ជាងនេះទៅទៀត អាជ្ញាធរស្រុក និងកងកម្លាំងមានសមត្ថកិច្ច បានធ្វើការយាមកាម ដើម្បីថែរក្សានូវសុវត្ថិសុខ ព្រមទាំងមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ចេញមកខាងក្រៅក្នុងកំឡុងពេលធ្វើចត្តាឡីស័កឡើយ។

លោកអភិបាលខេត្តបានបន្តថា កាស៊ីណូនេះដែរមានភ្ញៀវ និងបុគ្គលិកបំរើការងារ ដែលកំពុងធ្វើចត្តាឡីស័កមានចំនួន៧២៣នាក់ បានធ្វើចត្តាឡីស័ក និងបានយកសំណាកទៅធ្វើការពិនិត្យ បានចំនួន២ដងរួចមកហើយ ហើយការធ្វើតេស្តសំណាក់លើកទី១ មិនបានរកឃើញអ្នកដែលមានផ្ទុកជំងឺកូវីដ១៩ឡើយ ប៉ុន្តែបន្ទាប់ពីពិនិត្យលើកទី២ បានរកឃើញបុរសម្នាក់ជនជាតិចិនមានផ្ទុកជំងឺកូវី-១៩។

លោកអភិបាលខេត្តបន្ថែមថា ក្នុងកំឡុងពេលធ្វើចិត្តាឡីស័កនេះផងដែរ បុរសជនជាតិចិនដែលមានផ្ទុកជំងឺកូវីដ១៩នេះ បានធ្វើការប្រាស្រ័យទាក់ទងគ្នាជាមួយអ្នកដែលកំពុងធ្វើចត្តាឡីស័កដូចគ្នាផងដែរ ដូច្នេះអាជ្ញាធរស្រុក មន្ទីរសុខាភិបាលខេត្ត កងកម្លាំងមានសមត្ថកិច្ច និងអ្នកគ្រប់គ្រងកាស៊ីណូ ត្រូវស្វែងរកអ្នកដែលបានប៉ះពាល់ផ្ទាល់ មកធ្វើចត្តាឡីស័កដាច់ដោយឡែក និងឱ្យបានត្រឹមត្រូវបន្ថែមទៀត។ អ្នកដែលនៅប្រយោល ក្នុងកំឡុងពេលចត្តាឡីស័កលើកមុន ត្រូវបន្តធ្វើចត្តាឡីស័កបន្តទៀត ព្រមទាំងយកសំណាកទៅធ្វើការពិនិត្យឱ្យបានត្រឹមត្រូវផងដែរ៕