(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានប្រារព្ធពិធីអបអរសាទរខួបលើកទី ១១០ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩» ដែលមានការចូលរួមពី លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត, លោក ជា សុមេធី អភិបាលខេត្តព្រៃវែង។

ពិធីនេះក៏មានការចូលរួមពីលោក សួន សុម៉ាលីន អភិបាលរងខេត្តព្រៃវែង ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងបងប្អូននារីដែលមកពីបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្តជាច្រើននាក់ផងដែរ។

លោក ជា សុមេធី បានអាននូវព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្ដមមុនីនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបលើកទី១១០ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ដែលមានខ្លឹមសារសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននឹងកំពុងអនុវត្តនូវគោលនយោបាយ និង យុទ្ធសាស្ត្រផ្តោតយ៉ាងជាក់លាក់ លើការរក្សាសន្តិភាព ដើម្បីប្រជាពលរដ្ឋកម្ពុជា ទទួលបានឱកាសអភិវឌ្ឍជីវភាព និងសុខមាលភាពនៃការរស់នៅតាមរយៈការបង្កើនសមត្ថភាព ជំនាញវិជ្ជាជីវៈ និងចំណេះដឹង ប្រកបដោយគុណភាព សមធម៌ បរិយាប័ន្នក្នុងការរួមចំណែកធ្វើអោយប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងសន្តិសុខសង្គម។

នៅក្នុងឱកាសនេះ លោក អភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈកម្មការសាខាសមាគមនារីខេត្ត ដែលបានបំពេញតួនាទី និងអនុវត្តភារកិច្ចប្រកបដោយលទ្ធផលផ្លែផ្កា និងស្មារតីទទួលខុសត្រូវ ជាពិសេសការរៀបចំទិវានេះឡើង ដើម្បីបង្ហាញឲ្យឃើញនូវកាយវិការយកចិត្តទុកដាក់ និងលើកទឹកចិត្តក្នុងការរួមចំណែកគាំទ្រលើភារកិច្ចរបស់បងប្អូននារីក្នុងកិច្ចការសង្គម និងកិច្ចការគ្រួសារ។

អង្គពិធីបានបញ្ចប់ បន្ទាប់ពីគណៈអធិបតី និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បានជូននូវកាដូបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ដ៏ស្រស់ស្អាតដល់ភរិយាថ្នាក់ដឹកនាំ និងបងប្អូននារីផ្សេងៗទៀត តាមបណ្ដាមន្ទីរអង្គភាពក្នុងខេត្ត ប្រកបដោយ បរិយាកាសសប្បាយរីករាយនិងភាពស្និតស្នាល ជឿជាក់លើសមភាពយេនឌ័រនៅកម្ពុជា ស្របទៅតាមបរិការណ៍របស់ប្រទេសជាតិ ក្រោមប្រធានបទ ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩ ឆ្លើយតបទៅនឹងក្របខ័ណ្ឌថ្មីជាសកល នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយមិនទុកនរណាម្នាក់អោយនៅឯកោឡើយ៕