(ភ្នំពេញ)៖ ក្រុមយុវជនងាយរងគ្រោះ ម្ចាស់អាជីវកម្មទេសចរណ៍ អាជីវកម្មខ្នាតតូច និងសហគមន៍អេកូទេសចរណ៍នៅតាមបណ្តាខេត្តគោលដៅចំនួន ៥ រួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី នៅតែទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ពីក្រសួងទេសចរណ៍ ដែលសហការជាមួយគណៈកម្មការគ្រប់គ្រងគម្រោងបដិសណ្ឋារកិច្ចសម្រាប់កម្ពុជា ហូកា (Hospitality for Kampuchea)។

ប្រការនេះត្រូវបានបញ្ជាក់ឡើងក្នុងកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មការ ហូកា តាមរយៈ Zoom Meeting ក្រោមកិច្ចសហប្រតិបត្តិការជាមួយកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់អង្គការស្វីសខន់ថេក នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងមានការចូលរួមពីសមាជិក-សមាជិកា គណៈកម្មការ តំណាងមន្ទីរទេសចរណ៍ សមាគមទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍សរុបចំនួន ២៥រូប។

គម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ជំហានទី២ ឆ្នាំ២០២០-២០២៤ យកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ក្រុមយុវជនងាយរងគ្រោះ ម្ចាស់អាជីវកម្មទេសចរណ៍ អាជីវកម្មខ្នាតតូច និងសហគមន៍អេកូទេសចរណ៍នៅតាមបណ្តាខេត្តគោលដៅចំនួន ៥ រួមមានខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងខេត្តរតនគិរី ដោយមានទិសដៅចម្បងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការពង្រឹងអាជីវកម្ម គុណភាពសេវាកម្មទេសចរណ៍ និងការកសាងវិថីអភិវឌ្ឍន៍ដល់អ្នកជំនាញទេសចរណ៍ដើម្បីឆ្ពោះទៅការសិក្សាពេញមួយជីវិត។

ក្រោយស្តាប់បទបង្ហាញរបស់មន្ទីរទេសចរណ៍ខេត្តទាំង ៥ លើការអនុវត្តគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា សម្រាប់ត្រីមាសទី១ អង្គប្រជុំបានកោតសរសើរ និងវាយតម្លៃខ្ពស់លើលទ្ធផលដែលមន្ទីរទេសចរណ៍ខេត្តបានជ្រើសរើសសិក្ខាកាម ចូលរួមវគ្គបណ្តុះបណ្តាលតាមអនឡាញលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ គេហកិច្ច និងការិយាល័យជួរមុខ និងបានផ្សព្វផ្សាយពីគោលបំណង និងគោលដៅរបស់គម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា បានយ៉ាងល្អប្រសើរ និងបានឆ្លើយតបទៅនឹងសភាពការណ៍បច្ចុប្បន្នក្នុងដំណាក់កាលកូវីដ-១៩។

អង្គប្រជុំបានក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរបស់អង្គការស្វីសខន់ថេក និងមន្ទីរទេសចរណ៍ខេត្តគោលដៅ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នាយ៉ាងស្អិតល្មួត ក្នុងការអនុវត្តផែនការសកម្មភាពត្រីមាសទី១ និងបានដាក់ទិសដៅត្រីមាសទី២ រួមមាន៖ ការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោល ការបណ្តុះបណ្តាលពេញម៉ោង និងការបណ្តុះបណ្តាលខាងក្នុងនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ផ្ទាល់។

សូមរំលឹកថា កន្លងមក តាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញជំហានទី១ ឆ្នាំ២០១៦-២០២០ ក្រសួងទេសចរណ៍បានធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) អង្គការស្វីសខន់ថាក់ និងមន្ទីរទេសចរណ៍ខេត្ត ដោយបានបណ្តុះបណ្តាលយុវជន យុវនារីលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ចក្នុងកម្មវិធីសិក្សាពេញម៉ោងចំនួន ១៦០ នាក់ កម្មវិធីបណ្តុះបណ្តាលខាងក្នុងចំនួន ៣៨៩ នាក់ ប្រជាសហគមន៍ទេសចរណ៍ចំនួន ៤៨០ នាក់ បណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលចំនួន ៩១ នាក់ និងបានវាយតម្លៃអ្នកជំនាញទេសចរណ៍ តាមរយៈយន្តការវាយតម្លៃការសិក្សាពីមុន (RPL) ចំនួន ១,១៦៧ នាក់៕