(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកមា្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានស្នើមន្ត្រីសមាជិកសមាជិកាពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំដោះស្រាយ បញ្ហាប្រឈមនានានៅមូលដ្ឋាន ដោយប្រកាន់ភ្ជាប់មនសិកាស្នេហាជាតិ បក្ស និងមានវិន័យត្រឹមត្រូវ ប្រកាន់ជំហរក្នុងការអនុវត្តរបបសមូហភាពដឹកនាំម្នាក់ៗ ទទួលខុសត្រូវ និងមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីបម្រើប្រយោជន៍ប្រជាពលរដ្ឋ, ប្រយោជន៍បក្ស និងជាតិ ឲ្យបានជាប្រចាំនិងដាច់ខាត។

ការស្នើបែបនេះខណ:លោក ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ចុះជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយមន្ត្រីគណបក្សមូលដ្ឋានឃុំកំពង់ត្រាចខាងលិច នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ដោយមចូលរួម ពីមន្ត្រីគណបក្សខេត្ត ស្រុក ជាច្រើនរូប។

ក្នុងពិធីសំណេះសំណាលនោះដែរលោក ជាវ តាយ បានថ្លែងបញ្ជាក់ថា «សុខទុក្ខ និងបញ្ហាប្រឈម បញ្ហាសំណូមពរ តម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចរបស់មន្ត្រីគណបក្សមូលដ្ឋាន គឺជាបញ្ហាដែលថ្នាក់ដឹកនាំ គណបក្សគ្រប់ លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ ដោះស្រាយឱ្យបានជាប្រចាំនិងមានប្រសិទ្ធភាព តាមគោលនយោបាយរបស់គណបក្ស ក៏ដូចជាការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែបានផ្ដាំផ្ញើឱ្យមន្ត្រីគណបក្ស គ្រប់លំដាប់ថ្នាក់ ជំរុញការយកចិត្តទុកដាក់ចុះដល់មូលដ្ឋាន ឱ្យបានជាប្រចាំ ដើម្បីស្វែងយល់ពីសំណូមពរ តម្រូវការ និងការដោះស្រាយឲ្យមានប្រសិទ្ធភាព»។

លោកប្រធានគណបក្សខេត្ត ក៏បានក្រើនរំលឹកផងដែរថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ ខិតជិតចូលមកដល់នៅពេលខាងមុខនេះ។ ដូច្នេះការចុះជួបជាមួយមន្ត្រីគណបក្សមូលដ្ឋានពេលនេះ គឺជាការស្វែងយល់ និងប្រមូលធាតុចូល សម្រាប់ការកែលម្អ ក្នុងការអនុវត្តបន្ត ដើម្បីសំដៅធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ទាំងពីរខាងលើ ឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផល ការគាំទ្រពីប្រជាពលរដ្ឋ ដោយជោគជ័យ សម្រាប់បន្តការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែរីកចំរើនបន្ថែមទៀត។

ក្នុងឱកាសនោះ លោក ជាវ តាយ ក៏បានផ្ដល់ជូនថវិកាសមាជិកគណបក្សក្នុងមូលដ្ឋានឃុំសរុប ចំនួន៥៣នាក់ ម្នាក់ៗ ៥ម៉ឺនរៀល និងជូនថវិកាដល់គណបក្សឃុំកំពង់ត្រាចខាងលិច ចំនួន៥០ម៉ឺនរៀល កម្លាំងនគរបាល ចំនួន ៧នាក់ ម្នាក់ៗ ២ម៉ឺនរៀល និងជូនថវិកាចំនួន ១.៦០០.០០០រៀល សម្រាប់កសាងអណ្ដូងស្នប់មួយក្នុងឃុំផងដែរ សរុបថវិកាមានចំនួន ៤.៨៧០.០០០រៀល៕