(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ បានបំភ្លឺ៣ចំណុចអំពីទិដ្ឋភាពច្បាប់ និងនីតិវិធីតុលាការ ចំពោះសំណុំរឿង ផែនការ៩ វិច្ឆិកា របស់ទណ្ឌិត សម រង្ស៉ី មេឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។

ខាងក្រោមនេះជាការបំភ្លឺរបស់ លោក ជិន ម៉ាលីន៖

*ទី១៖ តើអ្វីដែលនៅពីក្រោយ ផែនការវិលត្រឡប់របស់ទណ្ឌិត សម រង្សី នៅថ្ងៃ៩ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ?

គ្រប់គ្នាប្រហែលនៅចាំបានថា ក្រោមផែនការនៃការវិលត្រឡប់ចូលមកកម្ពុជាវិញ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ អាចហៅថា «ព្រឹត្តិការណ៍ ៩ វិច្ឆិកា» ទណ្ឌិត សម រង្ស៉ី និងបក្ខពួកបានធ្វើសកម្មភាពជាច្រើន ដែលអាចប្រមូលផ្តុំជា ៣សកម្មភាពធំៗគឺ៖ ១៖ បានធ្វើសកម្មភាពញុះញង់ផង និងអំពាវនាវផង ដល់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការឱ្យធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាល, ទី២៖ បានធ្វើសកម្មភាពញុះញង់ផង និងអំពាវនាវផង ដល់ប្រជាពលរដ្ឋឱ្យងើបបះបោរប្រឆាំងនឹងរដ្ឋអំណាច និង៣-រៃអង្គាស និងប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំងខុសច្បាប់ ដើម្បីធ្វើសកម្មភាពខាងលើនេះ។ សកម្មភាពធំៗទាំង ៣ខាងលើនេះ គឺរៀបចំឡើងក្នុងគោលដៅចំនួន២ គឺទី១៖ ចូលមកក្នុងស្រុក ដើម្បីចាប់នាយករដ្ឋមន្រ្តីក្នុងតំណែង និងទី២៖ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ដូច្នេះ ធាតុពិតនៃផែនការនេះ គឺជា «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» តាមមធ្យោបាយហិង្សាយ៉ាងពិតប្រាកដ។ ដូច្នេះ ពាក្យថា «ផែនការវិលត្រឡប់» គឺជាលេស និងជាកលល្បិចនយោបាយ ដើម្បីបោកបញ្ឆោត និងអូសទាញប្រជាជនស្លូតត្រង់ឱ្យចូលរួមក្នុងផែនការខាងលើនេះតែប៉ុណ្ណោះ។

លោក ជិន ម៉ាលីន បានលើកឡើងថា អំពើ និងសកម្មភាពខាងលើទាំងនេះ មានភស្តុតាងច្បាស់លាស់ និងរឹងមាំ ហើយភស្តុតាងទាំងនេះមួយចំនួន អាចរកបានដោយងាយស្រួល ព្រោះទណ្ឌិត សម រង្ស៉ី និងបក្ខពួកបានប្រើប្រាស់ហ្វេសប៊ុក និងបណ្តាញសង្គមដទៃទៀត ធ្វើជាមធ្យោបាយដើម្បីបង្ហោះសារញុះញង់ និងបម្រើឱ្យផែនការសកម្មភាពទុច្ចរិតរបស់ខ្លួនខាងលើ។

ជាទិដ្ឋភាពផ្លូវច្បាប់ តើប្រទេសណាមួយក្នុងលោកនេះ ដែលមិនចាត់ទុក «ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារខាងលើ» ថាជាអំពើខុសច្បាប់? ប្រទេសមួយចំនួន បានថែមទាំងចាត់ទុកក្រុមទាំងនេះ ជាអង្គការភេរវនិយមទៀតផង។

ដូច្នេះ វាជាការត្រឹមត្រូវបំផុត ដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យ ក្នុងនោះ រួមមានវិធានការច្បាប់ វិធានការនយោបាយ និងវិធានការការទូត ដោយបានបំផ្លាញចោលទាំងស្រុងនូវផែនការបំផ្លាញកម្ពុជា ដែលដឹកនាំអនុវត្តដោយទណ្ឌិត សម រង្ស៉ី និងបក្ខពួក ហើយធានាថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងសេចក្តីសុខសានរបស់ប្រជាជន។

* វាជាការត្រឹមត្រូវបំផុត ដែលប្រទេសនានាក្នុងពិភពលោក មិនគាំទ្រផែនការខុសច្បាប់របស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យផែនការបំផ្លាញសន្តិភាព សន្តិសុខ និងស្ថិរភាពរបស់កម្ពុជា ដឹកនាំដោយទណ្ឌិត សម រង្ស៉ី និងបក្ខពួកទទួលបរាជ័យយ៉ាងអាម៉ាស់។

* វាជាការត្រឹមត្រូវបំផុត ដែលច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីផ្តន្ទាទោសឧក្រិដ្ឋជន ក្នុងនាមរដ្ឋអធិបតេយ្យ ដែលប្រកាន់យកគោលការណ៍ដឹកនាំតាមនីតិរដ្ឋ។ យោងតាម ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះ ត្រូវផ្តន្ទាទោសក្រោម «បទល្មើសឧបឃាត» តាមមាត្រា ៤៥១ ចំណែកអ្នកដែលចូលរួមក្នុងគម្រោងផែនការនេះ ត្រូវផ្តន្ទាទោសពី «បទល្មើសរួមគំនិតក្បត់» តាមមាត្រា ៤៥៣។

ទី២៖ តុលាការបានអនុវត្តតាមនីតិវិធី ដែលមានចែងក្នុងច្បាប់របស់កម្ពុជា ដើម្បីដំណើរការសំណុំរឿងនេះ។ ជនជាប់ចោទមានសិទ្ធិការពារខ្លួន ហើយក៏មានសិទ្ធិពឹងពាក់មេធាវីការពារខ្លួនតាមផ្លូវច្បាប់បានផងដែរ។ ក្នុងបទល្មើសឧក្រិដ្ឋ មេធាវីការពារឲ្យជនជាប់ចោទ ត្រូវតែមានជាដាច់ខាត បើពុំនោះទេ តុលាការមិនអាចដំណើរការនីតិវិធីក្នុងការជំនុំជម្រះក្តីបានឡើយ។ ក្នុងករណីជនជាប់ចោទ ពុំមានមេធាវីការពារខ្លួន ឬពុំពឹងពាក់មេធាវីការពារខ្លួន តុលាការត្រូវស្នើសុំឲ្យគណៈមេធាវី ដែលជាស្ថាប័នគ្រប់គ្រងមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការចាត់តាំងមេធាវីដើម្បីការពារសិទ្ធិឲ្យជនជាប់ចោទ។

ការចាត់តាំងមេធាវីនេះ ក៏ត្រូវធ្វើផងដែរចំពោះជនជាប់ចោទ ដែលរត់គេចខ្លួន ហើយពុំបានពឹងពាក់មេធាវីការពារខ្លួននៅចំពោះមុខតុលាការ។ ប៉ុន្តែ ទោះជាយ៉ាងណា ចំពោះជនល្មើសដែលរត់គេចខ្លួន តុលាការត្រូវបានអនុញ្ញាតដោយច្បាប់ ដើម្បីដំណើរនីតិវិធី និងធ្វើការសម្រេចសេចក្តីដោយកំបាំងមុខជនជាប់ចោទបាន។ ការសម្រេចសេចក្តីដោយកំបាំងមុខជនជាប់ចោទ ដែលរត់គេចខ្លួន ពុំមែនជារឿងថ្មីនៅកម្ពុជានោះទេ ហើយប្រទេសមួយចំនួន ក៏មានបទប្បញ្ញត្តិ និងការអនុវត្តដូច្នេះដែរ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ចៅក្រមត្រូវថ្លឹងថ្លែងទៅលើគ្រប់ភស្តុតាងទាំងអស់ ទាំងភស្តុតាងដាក់បន្ទុក ទាំងភស្តុតាងដោះបន្ទុក។

គួរកត់សម្គាល់ផងដែរថា យោងតាមច្បាប់របស់កម្ពុជា ប្រព័ន្ធនីតិវិធីព្រហ្មទណ្ឌកម្ពុជា គឺជាប្រព័ន្ធមានចៅក្រមស៊ើបសួរ ដែលចៅក្រមស៊ើបសួរមានកាតព្វកិច្ចស្វែងរកភស្តុតាង ទាំងដាក់បន្ទុក ទាំងដោះបន្ទុក។ នៅក្នុងដំណើរការសំណុរឿង «បទល្មើសឧបឃាត» ខាងលើ ជនជាប់ចោទដែលរត់គេចខ្លួនខ្លះ បានពឹងពាក់មេធាវីការពារខ្លួន ហើយជនជាប់ចោទផ្សេងទៀត មានមេធាវីការពារខ្លួន តាមការចាត់តាំងរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់របស់កម្ពុជា។ ពុំមានសេចក្តីរាយការណ៍ណាមួយ ដែលថា សិទ្ធិក្នុងការពឹងពាក់រកមេធាវីការពារខ្លួននៅក្នុងសំណុំរឿងនេះ ត្រូវបានបដិសេធន៍ ដោយតុលាការនោះទេ។

និងទី៣៖ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា សាលក្រមកំបាំង បើកសិទ្ធិឱ្យមានការប្តឹងទាស់។ ចំពោះជនជាប់ចោទ ដែលរត់គេចខ្លួន ហើយមានដីកាបង្គាប់ឱ្យចាប់ខ្លួនពីតុលាការ នៅពេលត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរមានសមត្ថកិច្ច, ជននេះ នឹងត្រូវនាំទៅបង្ហាញខ្លួនចំពោះមុខតុលាការ ហើយជននេះ មានសិទ្ធិតាមផ្លូវច្បាប់ ដើម្បីប្តឹងទាស់នឹងសាលក្រមកំបាំងមុខតាមនីតិវិធីបាន។ បន្ទាប់ពីមានបណ្តឹងទាស់ស្របច្បាប់ តុលាការ ត្រូវលើកយកសំណុំរឿងដែលមានសាលក្រមកំបាំងមុខនោះ មកបើកសវនាការ និងធ្វើការជំនុំជម្រះជាថ្មីឡើងវិញ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា ចំពោះដីកាបង្គាប់ឱ្យចាប់ខ្លួន ដែលចេញដោយតុលាការកម្ពុជា គឺមានអានុភាពអនុវត្តនៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងករណីដែលជនល្មើសរត់គេចខ្លួន ទៅបរទេស ព្រះរាជអាជ្ញាអាចស្នើសុំធ្វើការផ្សព្វផ្សាយជាអន្តរជាតិនូវដីកាបង្គាប់ឱ្យចាប់ខ្លួន តាមរយៈក្រសួងយុត្តិធម៌ ដោយប្រើយន្តការនានា ដែលមានប្រសិទ្ធភាព រួមមាន៖ យន្តការប៉ូលីសអាំងទែរប៉ូល, យន្តការបត្យាប័ន ជាមួយប្រទេសដែលមានសន្ធិសញ្ញាបត្យាប័នជាមួយកម្ពុជា ជាដើម។

លោក ជិន ម៉ាលីន បញ្ជាក់បន្តទៀតថា ប៉ុន្តែជាគោលការណ៍ច្បាប់ ចំពោះជនល្មើសដែលមានសញ្ជាតិបរទេស រដ្ឋបរទេសដែលជាម្ចាស់របស់ពួក នឹងមិនធ្វើបត្យាប័នពលរដ្ឋដែលមានសញ្ជាតិរបស់គេមកឱ្យកម្ពុជាឡើយ។ ដូចគ្នានេះ កម្ពុជា ក៏មិនអាចធ្វើបត្យាប័នពលរដ្ឋខ្លួនឯងទៅឱ្យរដ្ឋបរទេសនោះដែរ៕