(ព្រះសីហនុ)៖ មនុស្ស២នាក់ទៀត ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ បន្តចាប់ផាកពិន័យម្នាក់២លានរៀល ព្រោះអនុវត្តការធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ តាមការណែនាំរបស់រដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ។

អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា មនុស្ស២នាក់ទៀតថា ដែលមានការពាក់ព័ន្ធព្រឹត្តិការ សហគមន៍២០កុម្ភៈ ហើយអនុវត្តការធ្វើចត្ដាឡីស័កមិនបានត្រឹមត្រូវ ត្រូវសមត្ថកិច្ចចាប់ផាកពិន័យ យោងតាមអនុក្រឹត្យលេខ២៧អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

គួរជម្រាបថា កាលពីព្រឹកមិញ បុរសម្នាក់ហើយដែលត្រូវបានផាកពិន័យ ព្រោះរូបគាត់មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែង ក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។

ការផាកពិន័យនេះ ក៏ជាការព្រមានដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កផ្សេងទៀត កុំឲ្យយកគំរូតាមបុគ្គលរូបនេះ និងត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំរបស់ ក្រសួងសុខាភិបាល និងវិធានការពិសេស (៣ការពារ និង៣កុំ) របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

សម្រាប់ខេត្តព្រះសីហនុ គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ អ្នកដែលត្រូវបានយកទៅពិនិត្យសំណាក ចំនួន១០,៥៨៨នាក់ ក្នុងនោះស្រី៤,៥១៧នាក់ ហើយរកឃើញកើតជំងឺកូវីដ-១៩ ៨៥នាក់។ នេះបើតាមការឲ្យដឹងពី លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។

បើតាមលោក ឃាង ភារម្យ រហូតមកដល់ពេលនេះទីតាំងដែលមានការពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ-១៩ ហើយត្រូវអាជ្ញាធរសម្រេចបិទទ្វារជាបណ្ដោះអាសន្ននោះ មានចំនួន៣៧ទីតាំង។ ខណៈអាជ្ញាធរ និងសមត្ថកិច្ច កំពុងស្រាវជ្រាវដើម្បីស្វែងរកទីតាំងដែលមានការពាក់ព័ន្ធផ្សេងទៀតផងដែរ។

ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានផ្ទុះរីករាលដាលខ្លាំងទៅខេត្តព្រះសីហនុនោះ រដ្ឋបាលខេត្តមួយនេះ បានសម្រេចបិទការចេញចូលជាបណ្ដោះអាសន្ន សម្រាប់អ្នកដំណើរទាំងអស់ លើកលែងតែរថយន្ដដឹកទំនិញប៉ុណ្ណោះ។ រដ្ឋបាលខេត្តព្រះសីហនុ ក៏បន្ដអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងៀម បើមិនចាំបាច់កុំចេញក្រៅផ្ទះប្រមូលផ្ដុំគ្នាផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៩២៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៨៩នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤៤២នាក់។ ក្នុងនោះអ្នកឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុបចំនួន៤២៥នាក់ ដែលភាគច្រើនជាជនជាតិបរទេស៕