(ត្បូងឃ្មុំ)៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានរកឃើញថា មានអ្នកកើតជំងឺកូវីដ-១៩ម្នាក់ ជាបុរសជនជាតិខ្មែរ រស់នៅភូមិវាលស្បូវ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ ជាអ្នករត់ Pass App បានទៅចូលរួមពិធីឡើងគេហដ្ឋានថ្មី របស់ប្រជាពលរដ្ឋនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលអ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តត្បូងឃ្មុំ ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានអះអាងថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ រដ្ឋបាលខេត្តអំពាវនាវដល់អ្នក ដែលបានមកចូលរួមក្នុងពិធីឡើងគេហដ្ឋាន និងអ្នកពាក់ព័ន្ធនៅស្រុកត្បូងឃ្មុំ ទៅពិនិត្យសុខភាព និងយកសំណាកដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្ត នៅមន្ទីរពេទ្យព្រះនរោត្តមសីហនុ ត្បូងឃ្មុំ។

ជាមួយនឹងការអំពាវនាវនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏កំពុងចាត់វិធានការបន្ទាន់ ដើម្បីស្វែករកអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃផងដែរ៕