(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម ក្រោមអធិបតីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែង ៦.៥៥០ម៉ែត្រ ពីភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដល់ភូមិអូរឈ្លើង ឃុំកោះរកា ស្រុកកំពង់សៀម និងសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវកៅស៊ូAC ៤ខ្សែ ក្នុងក្រុងកំពង់ចាមប្រវែង ៤.៤១៥ ម៉ែត្រផងដែរ។

លោកអភិបាលខេត្ត បានថ្លែងក្នុងឱកាសនោះថា ការស្ថាបនាផ្លូវមួយខ្សែថ្មី ក្រាលកៅស៊ូ DBST ដែលមានប្រវែង៦.៥៥០ ម៉ែត្រនោះ ទទឹងប្រវែង៧ ម៉ែត្រ គឺអាជ្ញាធរខេត្តមានគោលបំណងចង់ឲ្យប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាមទាំង៤ សង្កាត់ មានឱកាសលើកកម្ពស់ជីវភាព រស់នៅមានភាពស៊ីវីល័យដូចៗគ្នា ដូច្នេះអត្ថិភាពភាពក្នុងការអភិវឌ្ឍដំបូងគឺការស្ថាបនាផ្លូវមុនគេ។

ម្យ៉ាងទៀត អាជ្ញាធរខេត្តបានខិតខំប្រឹងប្រែងអភិវឌ្ឍបន្ត ពីថ្នាក់ដឹកនាំមុនៗ ដើម្បីលើកកម្ពស់សោភ័ណភាពរបស់ខេត្ត និងអាចឈានទៅដណ្ដើមជ័យលាភី រំដួល ៣ទង នៃទីក្រុងស្អាតផងដែរ ដែលនិងត្រូវវាយតម្លៃ ដាក់ពិន្ទុដោយក្រសួងទេសចរណ៍។

លោកអភិបាលខេត្តបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះផងដែរ ការស្ថាបនាមានទុកចំណីផ្លូវ ទៅតាមគំនូសប្លង់របស់មន្ទីរដែនដី នគររូបនីយកម្ម ហេតុដូច្នេះក្នុងការស្ថាបនា សូមបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ចូលរួមសហការជាមួយនឹងអាជ្ញាធរ និងក្រុមការងារសាងសង់ផ្លូវ ដើម្បីរៀបចំឲ្យមានសណ្ដាប់ធ្នាប់ នឹងមានសោភ័ណភាព នៅក្នុងមូលដ្ឋានក៏ដូចជាក្នុងក្រុងកំពង់ចាមរបស់យើង។

លោកអភិបាលខេត្តបានឱ្យដឹងទៀតថា ផ្លូវមួយខ្សែនេះជាផ្លូវខ្សែក្រវ៉ាត់ក្រុង និងជាផ្លូវប្រវត្តិសាស្រ្តដែលបងប្អូនប្រជាពលរដ្ឋចង់បានទន្ទឹងរង់ចាំជាយូរមកហើយ ដូច្នេះការស្ថាបនាផ្លូវនេះ អាចរួចរាល់ជាស្ថាពរក្នុងរយៈពេលយ៉ាងយូរ ៦ខែប៉ុណ្ណោះ បងប្អូនប្រជាពលរដ្ឋយើង នឹងអាចប្រើប្រាស់ផ្លូវនេះបានហើយ៕