(ភ្នំពេញ​)៖​ ក្រោយពីមានការរិះគន់ លើការដោះលែងជនសង្ស័យ​​ ពីសំណាក់មន្រ្តីតុលាការ លើសំណុំរឿងស្ករត្នោតលាយគីមី និងមានប្រតិកម្មពីមន្រ្តីនគរបាលនាពេលថ្មីៗនេះរួចមក, ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំមួយ ជាមួយកងកម្លាំងនគរបាលរបស់ខ្លួន លើការរឹតបន្តឹង និងត្រួតពិនិត្យនៃការកសាងសំណុំរឿង បញ្ជូនជនល្មើសទៅតុលាការ។ កិច្ចប្រជុំនោះមានការចូលរួមពីលោក មាស​ ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញផងដែរ ។

នៅក្នុងកិច្ចប្រជុំនោះលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើង និងបកស្រាយផ្ទាល់មាត់ថា សំណុំ​រឿង​កែឆ្នៃ​ស្ករ​ត្នោត​លាយ​សារធាតុ​គីមី​ និងសំណុំរឿងស្តុបសារធាតុគីមី ត្រូវបានបែកចែកជាពីរ។ ដោយទី១៖ ពាក់ព័ន្ធនឹងសំណុំ​រឿង​ស្ករ​ត្នោត​លាយ​សារធាតុ​គីមី​ គឺទាក់ទិននឹងលោក អ៊ូ សុង ភេទ​ប្រុស​ អាយុ​៥៩ឆ្នាំ​ មិនត្រូវបាននាំខ្លួនមកកាន់តុលាការនោះទេ​ (បញ្ជូនតែសំណុំរឿង)​ ដោយ​មូលហេតុ​ម្ចាស់​ទីតាំង​រូបនេះ​ ​មាន​ជម្ងឺ​លើស​ឈាម​ និង​ជម្ងឺ​របេងសួត ដោយ​មាន​លិខិត​បញ្ជាក់​ត្រឹមត្រូវ​ ។ ប៉ុន្តែ​លោក អ៊ូ សុង បាន​សន្យា​ និងអះអាងថា​ នឹងចូល​ខ្លួន​បំភ្លឺ​គ្រប់​ការកោះហៅរបស់តុលាការ។

ពាក់ព័ន្ធនឹងសំណុំរឿងកែច្នៃស្ករត្នោតនេះ ត្រូវបានលោក មាស ច័ន្ទពិសិដ្ឋ អះអាងថា លោកបានធ្វើ និងអនុវត្តត្រឹមត្រូវតាមច្បាប់កំណត់ មិនមានល្មើសនឹងច្បាប់បានចែងនោះទេ។

ដោយទី២៖ ដោយឡែកសំណុំរឿងស្តុបសារធាតុគីមី គឺទាក់ទិននឹងលោក ជ្រុយ សុខ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួច​បញ្ជូន​ទៅ​ចៅក្រម​ ដើម្បី​បើក​សវនាការ​ជំនុំជម្រះ​ផ្ទាល់​នា​ពេល​ឆាប់ៗ​ខាង​មុខ​។ ប៉ុន្តែ​ជនត្រូវចោទ​ត្រូវ​បាន​តំណាង​អយ្យការ​ដោះលែង ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ ដោយ​សំអាង​ថា​ មាត្រា​ចោទប្រកាន់​នេះ​ពុំ​មាន​ទោស​ដាក់​ពន្ធនាគារ​នោះទេ​ ពោល​គឺ​ត្រឹម​ពិន័យ​ជា​ប្រាក់​ប៉ុណ្ណោះ​។

សូមជំរាបថា កាល​ពី​រសៀល​ថ្ងៃ​ទី​២៧​ ខែ​មករា​ ឆ្នាំ​២០១៦​ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ក្រសួង​មហាផ្ទៃ​ ដោយ​មាន​ការ​សម្របសម្រួល​ពី​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ឆែក​ឆេរ​ទីតាំង​មួយ​កន្លែង​ ដែលមានម្ចាស់​ទីតាំង​ឈ្មោះ​ អ៊ូ​ សុង​ ភេទ​ប្រុស​ អាយុ​៥៩ឆ្នាំ​ ក្នុង​ខណ្ឌ​ទួលគោក​ ដោយសមត្ថកិច្ច​រកឃើញ​ថា ​ទីតាំង​នេះ​មាន​ការ​កែច្នៃ​ស្ករ​ត្នោត​ លាយ​សារធាតុ​គីមី ​ប្រភេទ​សូលដ្យូមហ៊ីដ្រូសូលហ្វីត ​ដាក់​ចូល​ចំណីអាហារធ្វើឲ្យប៉ះពាល់ដល់សុខភាព។ សមត្ថកិច្ច​បាន​បន្ត​ការ​ឆែកឆេរ​ទីតាំង​មួយ​ទៀត​ ដែល​ជា​ឃ្លាំង​ស្តុក​សារធាតុ​គីមី​គ្រោះថ្នាក់​ ដោយបានឃាត់ខ្លួន​ ម្ចាស់​ទីតាំង​ម្នាក់​ទៀត​ ឈ្មោះ​ ជ្រុយ​ សុខ​ ភេទ​ប្រុស​ អាយុ​៣៣ឆ្នាំ​ ដោយនៅ​ថ្ងៃ​ទី​២៩​ ខែ​មករា​ ឆ្នាំ​២០១៦​ សមត្ថកិច្ច​បានបញ្ជូន​ឈ្មោះ ជ្រុយ សុខ មក​តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕