(ភ្នំពេញ)៖ នៅរសៀល​ថ្ងៃទី​១០ ខែកុម្ភៈ​ ឆ្នាំ​២០១៦ ចៅក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ លោក​ គឹម​ រ័ត្ន​ណារិន​ បាន​ប្រកាស​​សាលក្រម​ ផ្តន្ទា​ទោស​បុរស​ម្នាក់​ជា​អតីត​​នាយក​អង្គការ​ផ្ទះ​យើង​ ដាក់​ពន្ធនាគារ​៣ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​​៨លាន​រៀល​ ពី​បទ​អំពើ​អាស​ប្រឆាំងនឹង​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ​ ​ ។ ជនជាប់ចោទ​រូបនេះ​មាន ឈ្មោះ ហង្ស វិបុល ភេទប្រុស អាយុ៤៦ឆ្នាំ។

​តុលាការ​ទុក​សិទ្ធិ​មួយ​ខែ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​ ប្រសិន​បើ​មិន​សុខ​ចិត្ត​ នឹង​ការ​សម្រេច​របស់សាលាដំបូងនេះ​។  

សូមជំរាបថា ឈ្មោះ ហង្ស វិបុល ត្រូវបាន​ចាប់ខ្លួន ដោយ​សមត្ថកិច្ច​នគរ​បាល​នាយកដ្ឋាន ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០២ ខែមីនា ឆ្នាំ​២០១៥ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បៀតបៀន​ផ្លូវភេទ លើ​កុមារ​រងគ្រោះ​ជាច្រើន​នាក់ ស្នាក់​នៅក្នុង​មណ្ឌល​អង្គការ​របស់គាត់តាមរយៈ​ហៅ​កុមារា​រងគ្រោះ​ទាំងនោះ ចូលក្នុង​បន្ទប់​របស់គាត់ ឲ្យ​ពួកគេ​ចាប់​លេង​ប្រដាប់ភេទ​របស់គាត់​រហូត​ដល់​សម្រេច​ចេញ​ទឹកកាម​។ បន្ទាប់មក គាត់​ក៏បាន​ចាប់​ស្ទាប លេង​ប្រដាប់ភេទ​របស់​កុមារ​រងគ្រោះ​នោះ​វិញ​ផងដែរ​។​

លោក ស៊ុយ សុខុន មេធាវី​ការពារ​ក្តី​របស់​ជនជាប់ចោទ​ឈ្មោះ ហង្ស វិបុល បាន​និយាយថា ឈ្មោះ ហង្ស វិបុល បាន​ឆ្លើយ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការចោទប្រកាន់​របស់​តំណាង​អយ្យការ ពីព្រោះ​គាត់​មិនបាន​ប្រព្រឹត្ត​អ្វី​ដូច​ការឆ្លើយ​ដាក់​របស់​កុមារ​រងគ្រោះ​នោះទេ​។​

លោក​មេធាវី ស៊ុយ សុខុន បាន​ឲ្យ​ដឹងថា តាមពិត​រឿងក្តី​នេះ គឺជា​រឿង​គំនុំ និងការទាស់ទែង​គ្នា រវាង​កូនក្តី​របស់លោក ឈ្មោះ ហង្ស វិបុល ជាមួយនឹង​នាយករង​អង្គការ​របស់គាត់​ម្នាក់ និង​បុរស​ជនបរទេស​បានរៀបចំ​ផែនការ ដើម្បី​ធ្វើការ​ទម្លាក់កំហុស ទៅលើ​ឈ្មោះ ហង្ស វិបុល ដែលជា​នាយក​អង្គការ​តែម្តងទៅ​ ៕