(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានអះអាងថា នៅក្នុងដំណើរទស្សនកិច្ច នៅកាន់ប្រទេសម៉ាឡេស៊ី នាពេលនេះ លោកទទួលបានការគាំទ្រពីពលករនិងពលរដ្ឋខ្មែរ នៅប្រទេសនោះលើការរំពឹងទុក។

លោក ពេជ្រ ស្រស់ បានចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងគោលបំណងសួរសុខទុក្ខពលករខ្មែរ ១៥០នាក់ នៅប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃនេះ។ បន្ទាប់ពីបានសំណេះសំណាល លោកបានអះអាងថា មានពលករខ្មែរប្រមាណ២៥០នាក់ បានមកគាំទ្រលោក ដែលលើសពីការរំពឹងទុក។

នៅលើបណ្តាញសង្គម Facebook លោក ពេជ្រ ស្រស់ បានលើកឡើងថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃគណបក្សយុវជនកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ដែលបានទទួលខ្ញុំបាទ ដោយភាពកក់ក្តៅបំផុត និងសូមថ្លែងអំណរគុណ ចំពោះទឹកចិត្តបងប្អូនពលករខ្មែរយើង ដែលរស់នៅប្រទេសម៉ាឡេស៊ី បានផ្តល់កិត្តិយសអោយខ្ញុំបាទ បានសំណេះសំណាលជាមួយ ជាពិសេសបានគាំទ្រនូវ គោលនយោបាយគណបក្សយុវជនកម្ពុជា យើងទាំងអស់គ្នា»

គណបក្សយុវជន ទើបនឹងទទួលបានការចុះបញ្ជីជាផ្លូវការ កាលពីដើមខែកុម្ភៈ ថ្មីៗនេះ។ រចនាសម្ព័ន្ធនៅក្នុងបក្សនេះ ភាគច្រើនជាយុវជន។ អនុប្រធានទី១ និងទី២ គឺជាអតីតសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ហើយបើអគ្គលេខាធិការវិញ គឺជាអតីតសកម្មជនមកពី គណបក្សហ៊្វុនស៊ិនប៉ិច។ នៅពេលដែល លោក ពេជ្រ ស្រស់ ចាកចេញទៅក្រៅប្រទេសនោះ ប្រធានស្តីទីគណបក្សយុវជន បានធ្លាក់ទៅលើ លោក អ៊ុន វិសិដ្ឋគុន ដែលជាអនុប្រធានទី១៕