(ភ្នំពេញ)៖ នៅក្នុងជំនួបរវាង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោកស្រី Maria Nanette Motus នាយិកាប្រចាំតំបន់នៃអង្គការIOM នៅរសៀល ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ IOM បានស្នើសុំកិច្ចសហប្រតិបត្តិការ លើផ្នែកមួយចំនួន ជាមួយក្រសួងសុខាភិបាលកម្ពុជា។

លោកស្រី Nanette Motus បានរាយការណ៍ពិកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសអង្គការ IOM បានជួយលើផ្នែកសុខភាពផ្លូវចិត្ត ព្រមទាំងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធផ្សេងៗទៀត ក្នុងការធ្វើឱ្យប្រសើរឡើងសុខភាពអន្តោប្រវេសន៍ ប្រជាពលរដ្ឋចំណាកស្រុក និងពលករ។

លោកស្រី Maria Nanette Motus បានស្នើសុំបន្តកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល ដោយពង្រីកទំហំ កិច្ចសហការឱ្យបានទូលំទូលាយ ទៅតាមអាទិភាពតម្រូវការជាក់ស្តែង។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានស្វាគមន៍ចំពោះកិច្ចសហការ ក្នុងអាទិភាពលើការថែទាំ បង្ការជំងឺឆ្លង សុខភាពផ្លូវចិត្ត និងគ្រឿងញៀន និងការផ្តល់ថ្នាំបង្ការដល់កុមារដែលនៅជាមួយគ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ ពលករចំណាកស្រុក៕