(កំពង់ធំ)៖ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃ ០៩ខែ កុម្ភៈ ឆ្នាំ ២០១៦ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការដោះស្រាយពាក្យបណ្តឹង ដែលសំរាំងមកពីប្រអប់គណនេយ្យភាព ដែលក្រុមគាំទ្រគណនេយ្យភាព ខេត្តប្រមូលបានពី រដ្ឋបាលក្រុង ស្រុក អង្គការ និងប្រភពនានា សម្រាប់ឆ្នាំ២០១៥ កន្លងទៅនេះ។

ការបើកប្រអប់សំបុត្រ ត្រូវបានបើកចំនួន១២៥១លើក ស្មើនិង ៧១,៤០% និងទទួលបានបណ្តឹង១១២បណ្តឹង ដោះស្រាយរួច៤៥បណ្តឹង និងកំពុងដោះស្រាយ៦៧បណ្តឹង។

ដោយបញ្ហា និងកង្វល់ជាច្រើនរបស់ប្រជាពលរដ្ឋ ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ លោកអភិបាលខេត្ត និងជាប្រធានក្រុមការងារគណនេយ្យភាពខេត្ត បានរំលឹកដាស់តឿនដល់អភិបាលក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវខិតខំដោះស្រាយបញ្ហា ដែលកើតមាននៅមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព និងបានសង្កត់ធ្ងន់ ទៅលើប្រធានអង្គភាពថា លើកក្រោយបើប្រធានអង្គភាព មិនមកប្រជុំទេ មិនបាច់ចាត់អនុប្រធានមកប្រជុំជំនួសទេ នេះហើយដែលធ្វើឲ្យការងារគ្មានប្រសិទ្ធភាព ត្រូវពង្រឹងរបៀបរបបការងារនិងវិន័យ ចំពោះមន្ត្រីដែលប្រព្រឹត្តខុសឆ្គង សុំកុំឲ្យមានការសរសេរបំភ្លឺ និងប្រើមនោសញ្ចេតនាឲ្យសោះ ត្រូវចុះស្រាវជ្រាវរកការពិតតាមពាក្យបណ្តឹង ហើយចំពោះមន្ត្រីដែលប្រព្រឹត្តខុសចំនួន២ដង ត្រូវមានវិធានការដកចេញពីតំណែង និងកុំឲ្យលើកឡើងថា ខ្មោចស្រុកឲ្យដៃទើបខ្មោចព្រៃវាហ៊ាន៕