(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ បានអះអាងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានស្រកចុះបណ្តើរៗហើយ ខណៈដែលក្រុងពោធិ៍សាត់ ទឹកនៅនឹងដដែល ហើយនឹងអាចស្រកចុះវិញជាបណ្តើរៗ នៅពេលទឹកនោះបែកវាល និងហូរទៅដល់បឹងទន្លេសាប។

លោក ម៉ៅ ធនិន បានអះអាងបែបនេះ ក្នុងឱកាសពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅតាមដងស្ទឹងពោធិ៍សាត់ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងស្រុកភ្នំក្រវាញ ដែលទឹកកំពុងហក់ឡើងក្នុងកម្រិតប្រកាសអាសន្ន ដោយបានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរជំនាញមានការពាក់ព័ន្ធ។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ម្សិលមិញ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកកើនឡើងក្នុងកម្រិតប្រកាសអាសន្ន ក្រោយពីទទួលឥទ្ធិពលព្យុះថ្មីមួយទៀត ដែលមានឈ្មោះ នូល (NOUL) បង្កឱ្យមានជំនន់ទឹកភ្លៀង ធ្លាក់ជាបន្តបន្ទាប់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ៃ និងស្ទឹងធំ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។

ក្នុងសេចក្តីជូនដំណឹងនោះ បានឱ្យដឹងទៀតថា ដើម្បីត្រៀមលក្ខណៈការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹង ដែលអាចកើតមានក្នុងខេត្តពោធិ៍សាត់ សូមអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ។

ទោះបីជាយ៉ាងនេះក្តី តាមការព្យាករណ៍ថ្មី ដែលបញ្ជាក់ដោយមន្ទីរជំនាញ និងអាជ្ញាធរដែនដី ដែលនៅជាប់នឹងដងស្ទឹងពោធិ៍សាត់ បានឱ្យដឹងបន្ថែមថា គិតត្រឹមវេលាម៉ោង ៣៖៣៦នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់ ៥.៤៥ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ៥.៨៨ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ)។ ចំពោះស្ថានភាពទឹកស្ទឹងពោធិ៍សាត់ នៅស្ទឹងក្រវាញ ចាប់ផ្តើមស្រក ០.២៤ម៉ែត្រ ដោយឡែកស្ទឹងក្រុងពោធិ៍សាត់ នៅនឹងដដែល។ ប្រសិនបើផ្នែកខាងលើ នៃស្រុកវាលវែង និងភ្នំក្រវាញ មិនមានភ្លៀងធ្លាក់ទៀតទេ កម្ពស់ទឹកស្ទឹងក្នុងក្រុងពោធិ៍សាត់ នឹងបន្តស្រកចុះជាបន្តបន្ទាប់៕