(ភ្នំពេញ)៖ ថ្នាក់ដឹកនាំកីឡាកំពូលៗ អ្នកស្រាវជ្រាវ និស្សិត ទីប្រឹក្សាកីឡា និងកីឡាករ-កីឡាការិនីប្រមាណ២១៨នាក់ បានជួបជុំគ្នាធ្វើសិក្ខាសាដែលត្រូវបានគេប្រសិទ្ធិនាមថា «គុណតម្លៃនៃក្បាច់គុនល្បុក្កតោ» ក្នុងសង្គមវប្បធម៌ជាតិខ្មែរ ។ ដែលមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០១៦ ដោយមានវាគ្មិនសំខាន់ៗចូលរួមមានគ្រូគុន អ្នកស្រាវជ្រាវមកពីរាជបណ្ឌិតសភា ក្រសួងវប្បធម៌ និងអ្នកមុខ អ្នកការជាច្រើនទៀត ។

ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក ថោង ខុន, លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិ​ការចម្រុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានចូលរួម​ក្នុងសិក្ខាសាលា​ដ៏សំខាន់នេះដែរ ដែលទើបដាក់ ​បញ្ចូលក្បាច់គុនល្បុក្កតោ ទៅក្នុងកម្មវិធីហ្វឹកហាត់របស់កងទ័ពនោះ ។

លោក ហ៊ុន ម៉ាណែត បានលើកហេតុផលថា លោកបានជួបជាមួយកងទ័ពអាម៉េរិកដែលបំពេញបេសកកម្ម នៅប្រទេស អាហ្វហ្គានីស្ថាន ដោយត្រូវបានគេថ្លែងបញ្ជាក់ថា នៅក្នុងការប្រយុទ្ធ គេចមិនផុតពីការប្រយុទ្ធតទល់គ្នាដោយផ្ទាល់ នោះទេ ដែលនេះជាកត្តាចាំបាច់ តម្រូវឲ្យកងទ័ពត្រូវតែចេះក្បាច់គុននោះ ។

លោកបន្តថា បញ្ហាដែលល្អបំផុតនោះ គឺយើងត្រូវតែបង្កើតក្បាច់គុនថ្មីមួយ ដែលជាក្បាច់គុនរបស់កងទ័ពដោយ យកក្បាច់គុនទាំងអស់របស់ខ្មែរ មកសំយោគបញ្ចូលគ្នា ។

ទន្ទឹមនោះដែរ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ក៏បានមានប្រសាសន៍ដែរថា កាលពីឆ្នាំ២០១២ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្បង្កើតគណៈកម្មការអន្តរក្រសួងមួយ ដែលមានក្រសួងទេសចរណ៍វប្បធម៌ អប់រំយុវជន និង កីឡា អង្គការ UNESCO ជាតិ សហព័ន្ធប្រដាល់ សហព័ន្ធល្បុក្កតោ រៀបចំដាក់ បញ្ចូលក្បាច់គុនល្បុក្កតោ ទៅក្នុងបញ្ជីវប្បធម៌អរូបិយពិភពលោក តែ UNESCO គេបានរុញមកវិញ តែយើងនៅមានឱកាសដាក់ទៅបន្តទៀត ។

លោកបន្តថា កម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០២៣ ហើយកម្ពុជាត្រូវដាក់ក្បាច់គុនល្បុក្កតោនេះ ទៅក្នុងកម្មវិធីប្រកួត ។ ដើម្បីដាក់បាន កម្ពុជាត្រូវការគាំទ្រពីប្រទេសក្នុងតំបន់ចំនួន៥ ហើយកម្ពុជាត្រូវបញ្ជូនគ្រូ អ្នក​បច្ចេកទេសទៅជួយបង្ហាត់ដល់ប្រទេស ដែលបានគាំទ្រទាំងនោះផង ។ កត្តាសំខាន់គឺជាតិទាំងមូលត្រូវតែឯកភាព​គ្នាឲ្យច្បាស់លាស់ ជាមុនសិន ៕