(ស៊ីរី)​៖ ក្រុមឧទ្ទាម ISIS បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ២៨០នាក់ ក្នុងរយៈពេលតែមួយយប់ នៅក្នុងខេត្ត Deir ez-Zor ប្រទេសស៊ីរី ដោយក្នុងនោះមាន​គ្រួសារខ្លះ ត្រូវបានសម្លាប់ផ្ដាច់ពូជតែម្ដង នេះ​បើយោងតាម​ការ​ចេញ​​ផ្សាយរបស់សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា។

មនុស្ស ២៨០នាក់នេះ ត្រូវបាន​ក្រុម ISIS ចោទប្រកាន់ថា ជាជនក្បត់ និងបានសហការជាមួយ​ទាហានស៊ីរី ដើម្បី ផ្ដល់ព័ត៌មានក្នុង គោលដៅកម្ចាត់ក្រុម ISIS ទើបក្រុមឧទ្ទាមជ្រុលនិយមមួយនេះ សម្លាប់ផ្ដាច់ពូជតែម្ដង។ នៅមុននេះ មានសេចក្ដីរាយការណ៍មកថា ក្រុម ISIS បានគម្រោងនឹងពង្រីកទឹកដីទៅកាន់​ភាគខាងជើង​នៃ​ខេត្ត Deir ez-Zor ហើយការសម្លាប់រង្គានេះ គឺជាត្រូវបានគេចាត់ទុកថា ជាការសម្លាប់ក្នុងលក្ខណៈទ្រង់ទ្រាយធំពុំធ្លាប់​មាននៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនៃសង្គ្រាមក្នុងប្រទេសស៊ីរី។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍មកថា មនុស្សទាំង ២៨០នាក់ ដែលត្រូវបានក្រុម ISIS សម្លាប់នោះ រួមមាន​ក្មេង មនុស្សស្រី និងចាស់ជរា ដោយសាកសពរបស់ពួកគេត្រូវបានក្រុម ISIS បោះចូលក្នុងទន្លេ Euphrates ខណៈដែលមនុស្សប្រមាណ ៤០០នាក់ ផ្សេងទៀត ត្រូវបានចាប់ធ្វើចំណាប់ខ្មាំង៕