(ភ្នំពេញ)៖ លោក កែម ឡី អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា បានបញ្ចេញទស្សនៈខ្លួនជុំវិញ សេវាកម្មសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។ លោក កែម ឡី​ ថា​ គុណភាពសេវាសុខាភិបាលសាធារណៈខ្មែរនៅទាបបំផុត បើប្រៀបធៀបមន្ទីរពេទ្យគន្ធបុប្ផា និងប្រៀបធៀបទៅនិងមន្ទីរពេទ្យតាមបណ្តាប្រទេសក្នុងតំបន់។ ការលើកឡើងរបស់លោក កែម ឡី បានធ្វើឡើង ក្រោយពីមានការចុះផ្សាយនៅលើកាសែតភ្នំពេញប៉ុស្តិ៍ នាពេលថ្មីៗពាក់ព័ន្ធនឹងអត្តបទមួយ ក្រោមចំណងជើង «ពីក្មេងល្ងង់ខ្លៅក្រីក្រ ដើររើសចំណីតាមផ្លូវបរិភោគ ទៅជាសេដ្ឋីចិត្តធម៌» ដោយលោកវេជ្ជបណ្ឌិត គួច ម៉េងលីបាននិយាយថា «ខ្ញុំអត់ដែលជួបពេទ្យ ណាអាក្រក់សែន អាក្រក់ដូចពេទ្យនៅស្រុកខ្មែរយើងទេ។ គាត់គ្មានវិជ្ជាជីវៈ គ្មានភាពទន់ភ្លន់ គ្មានមេត្តាធម៌ នេះខ្ញុំមិនមែននិយាយទាំងអស់ទេ ខ្ញុំនិយាយបើខ្ញុំបានជួប ១០មានអាក្រក់៩»។ ហើយថ្លែងរបស់ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ក៏ត្រូវបានលោក កែម ឡី គាំទ្រ នឹងបានលើកឡើងថា «សូមអរគុណដល់ លោក គួច ម៉េងលី និយាយការពិតពីប្រព័ន្ធសុខាភិបាល»

បទអត្ថាធិប្បាយយ៉ាងវែងអន្លាយរបស់លោក កែម ឡី អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា ដែលបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គម Facebook បានបង្ហាញថា កត្តាដែលគុណភាពសេវាសុខាភិបាលនៅកម្ពុជា មានកម្រិតទាបដោយសារកត្តា ៨យ៉ាង៖

១. កត្តាថ្នាំពេទ្យ៖ ស្តង់ដាថ្នាំពេទ្យដែលប្រើប្រាស់នៅទាបបើប្រៀបធៀបទៅស្តង់ដាថ្នាំ ដែលប្រើប្រាស់នៅមន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជា។ លើសពីនេះទៅទៀតថ្នាំមួយចំនួនមានភាពស៊ាំខ្ពស់ ដូចដែលក្រសួងបានធ្វើសេចក្តីប្រកាសជាញឹកញាប់ និងថ្នាំមួយចំនួនទៀតក្លែងក្លាយដែលបានចរាចរណ៍នៅកម្ពុជា។ បន្ថែមពីនេះថ្នាំមួយចំនួនត្រូវក្រសួងប្រមូលត្រឡប់មកវិញ ដោយសារហួសកាលកំណត់ឲ្យប្រើប្រាស់ (ករណីសិក្សាកន្លងមក)។

២. កត្តាបច្ចេកទេស៖ គ្រូពេទ្យខ្មែរមានជំនាញឯកទេសច្រើនដែលអ្នកខ្លះ ធ្លាប់ឆ្លងកាត់សកលវិទ្យាល័យនៅប្រទេសបារាំង អាមេរិក អឺរុប និងប្រទេសជឿនលឿនមួយចំនួនមិនចាញ់ប្រទេសជិតខាងទេ។ ប៉ុន្តែការដាក់ពង្រាយគ្រួពេទ្យមិនបានល្អ គ្រូពេទ្យពូកែបានស្ថិតនៅកកកុញនៅតែមន្ទីរពេទ្យធំៗមួយចំនួននៅទីក្រុង និងទីប្រជុំជន។ ចំណែកមន្ទីរពេទ្យបង្អែកមួយចំនួនទៀត មិនទទួលបានធនធានមនុស្សដូចការចង់បានទេ (គួរមានគោលនយោបាយប្រាក់ខែទេ្វដងសម្រាប់អ្នកធ្វើការនៅជនបទ)។

៣. កត្តាសម្ភារបរិក្ខាពេទ្យ៖ បើទោះបីមានការរីកចម្រើនខ្លះៗក្នុងការបំពាក់ឧបករណ៏ទំនើបៗ តែមន្ទីរពេទ្យមួយចំនួនធំនៅតែមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការព្យាបាលជម្ងឺធ្ងន់ៗ ដូចជាជម្ងឺដាច់សរសៃឈាមខួរក្បាល បេះដូង និងជម្ងឺសរសៃឈាមមួយចំនួនទៀត ដែលតម្រូវឲ្យបញ្ជូនមកមន្ទីរពេទ្យនៅភ្នំពេញ និងបណ្តាប្រទេសនានាក្នុងតំបន់។

៤. កត្តាទំនាក់ទំនង និងអកប្បរិយាពេទ្យ៖ គុណភាពសេវាសុខាភិបាលមិនពឹងផ្អែកតែទៅលើបច្ចេកទេស ថ្នាំនិងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំនាញទំនាក់ទំនង ជំនាញអប់រំ និងជំនាញផ្លូវចិត្តរបស់គ្រូពេទ្យ។ សម្តី ភាសារកាយ និងភាពជិតស្និទ្ធិរវាងអ្នកជម្ងឺ ក្រុមគ្រួសារអ្នកជម្ងឺជាមួយពេទ្យជាកត្តាសំខាន់បំផុតដែលជាចលករឲ្យអ្នកជម្ងឺគោរព និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ។ ពេទ្យមិនត្រឹមតែចំណាយពេលវេលាក្នុងការរករោគវិនិច្ជ័យទេ ប៉ុន្តែថែមទាំងចំណាយពេលវេលាក្នុងការអប់រំអ្នកជម្ងឺ ដឹងពីប្រវត្តិអ្នកជម្ងឺ កត្តាទំនាក់ទំនងជម្ងឺ និងទំនាក់ទំនងគ្រួសារអ្នកជម្ងឺ។

៥. កត្តានីតិវិធីនិងដំណើរការព្យាបាល៖ ដំណើរការ (រយៈពេលសរុប) ក្នុងការពិនិត្យអ្នកជម្ងឺម្នាក់ចាប់តាំងពីអ្នកជម្ងឺដើរចូលដល់មន្ទីរពេទ្យ រហូតដល់ទទួលបានការព្យាបាលនោះ ថាតើប្រើអស់រយៈពេលប៉ុន្មាននាទី (ពិនិត្យ ព្យាបាលអមវិជ្ជាសាស្រ្ត បញ្ជូន និងផ្តល់ថ្នាំសម្រាកព្យាបាល។ល។ ក្នុងការគណនារយៈពេលនេះមានសារៈសំខាន់ដើម្បីវាស់វែងថាតើអ្នកជម្ងឺម្នាក់ ប្រភេទជម្ងឺបែបនេះ? ប្រើរយៈពេលប៉ុន្មាននាទីក្នុងការចាប់ផ្តើមព្យាបាល និងសម្រាកពេទ្យ។រយៈពេលនៃការសម្រាកពេទ្យ និងអត្រាប្រើប្រាស់គ្រែមិនមែនជាសូចនាករណ៍សំខាន់ ក្នុងការវាស់ពីគុណភាពសេវាសុខាភិបាល ឬភាពសាកសិទ្ធិនៃជម្ងឺឡើយ។

៦.កត្តាគ្រូពេទ្យព្យាបាលចល័ត៖ តើលោករដ្ឋមន្ត្រី លោករដ្ឋលេខាធិការមានការខ្មាស់អៀនទេ? ដែលមន្ទីរពេទ្យជាតិប្រមាណ៨, ស្រុកប្រតិបត្តិប្រមាណ៩០, មន្ទីរពេទ្យបង្អែក១០៥, មណ្ឌលសុខភាព ១,១៥៩ និងប៉ុស្តិ៍សុខភាព១០៧ និងកម្មវិធីជាតិនានាច្រើន (ស្ថិតសុខាភិបាល២០១៥) ប៉ុន្តែលោករដ្ឋមន្ត្រីរៀបចំគ្រូពេទ្យចល័តគណបក្ស គ្រួពេទ្យដើរព្យាបាលប្រជាភិថុតសម្រាប់ប្រជាប្រិយភាពភាពគណបក្ស។ លោកប្រធានមន្ទីរសុខាភិបាល លោកប្រធានមន្ទីរពេទ្យមានភាពអាម៉ាស់ទេ ដែលរៀបចំក្រុមការងារពេទ្យព្យាបាលចល័យ។ ហួសចិត្តដែលប្រមាតមើលងាយបុគ្គលិកសុខាភិបាលខ្លួនឯងតាមរយៈក្រុមពេទ្យចល័ត។ ហួសចិត្តគ្រូពេទ្យខ្មែរដ៏ពូកែ បែជាព្យាបាលចល័តតាមខ្យល់នយោបាយដោយក្បត់វិជ្ជាជីវៈខ្លួន។ តាមពិត ក្រុមការងារអប់រំសុខភាពបឋម និងប្រព័ន្ធបញ្ជូនជម្ងឺទៅវិញទេដែលត្រូវយកចិត្តទុកដាក់នោះ។

៧.កត្តាប្រាក់ខែរាបបំផុត និងការលើកទឹកចិត្តតិចតួច ព្រមទាំងមិនមានអភិបាលកិច្ចល្អ

៨. កត្តានៃអត្រាឈឺ និងអត្រាស្លាប់របស់អ្នកជម្ងឺ

លោក កែម ឡី ក៏បានលើកឡើងពីចំណុចសម្រាប់ធ្វើបដិវត្តន៍វិស័យសុខាភិបាល ដោយបញ្ជាក់ពីយុទ្ធសាស្រ្តចំបងៗក្នុងការធ្វើបដិវត្តន៍ វិស័យសុខាភិបាលចំនួន ១៦យុទ្ធសាស្រ្តរួមមាន៖

យុទ្ធសាស្ត្រទី១. ពង្រីកសហគ្រាស់រដ្ឋបាលសុខាភិបាលសាធារណៈ៖ វិមជ្ឈការមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមួយចំនួនឲ្យទៅជាស្ថាប័នរដ្ឋបាលសាធារណ ឬពាក់កណ្តាលស្វ័យភាពនៃដំណើរការគ្រប់គ្រង ចាត់ចែងនិងអនុវត្ត។ គោលការកំណត់អត្តសញ្ញាណភាពក្រីក្រ ត្រូវវិមជ្ឈការឲ្យភាគីទី៣ទាំងស្រុក។

យុទ្ធសាស្ត្រទី២. ផ្លាស់ប្តូរបទពិសោធន៍ និងកែលំអរគុណភាព៖ បង្កើនការកែលំអគុណភាព មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពដោយចម្លង និងរៀនសូត្រពីមន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុង (គោលការណ៍ ប្រាក់បៀវត្សរ៍ វិន័យ ប្រូតូកូល (ពិធីការ) ថ្នាំនិងរបៀបគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព)។

យុទ្ធសាស្ត្រទី៣. បង្កើនប្រាក់បៀវត្សរ៍ និងការលើកទឹកចិត្ត៖ រៀបចំប្រាក់បៀវត្សរ៍ដោយផ្តល់ប្រាក់ខែអប្បបរមា៥០០$ ដល់មន្រ្តីពេទ្យថ្នាក់ទាបបំផុត ក៏ដូចជាមន្ត្រីរាជការទូទៅ (សូមមើលកំណែទំរង់ប្រាក់បៀវត្សរ៍)។

យុទ្ធសាស្ត្រទី៤. ពង្រីកការធានារាប់រងសុខភាពជាលក្ខណជាតិ៖ ពង្រឹង និងពង្រីកកម្មវិធីធានារ៉ាប់រងសុខភាពសហគមន៍ទូទាំងប្រទេស ដោយសហការជាមួយភាគីយ៉ាងតិចបួនភាគី (រដ្ឋ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនឯកជន)។

យុទ្ធសាស្រ្តទី៥. វិមជ្ឈការសេវាសុខាភិបាលសហគមន៏ដាច់ស្រយាល៖ ពង្រីក និងលើកទឹកចិត្តមន្ទីរពេទ្យឯកជននៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ជនបទ ជាពិសេសតំបន់ដាច់ស្រយាលឲ្យមានសិទ្ធិពេញលេញ ក្នុងការដំណើរការសេវារបស់ខ្លួន។ ភ្នាក់ងាររដ្ឋរៀបចំកិច្ចសន្យាពិសេសជាមួយគ្លីនិកឯកជន ក្នុងការផ្តល់សេវាដល់ពលរដ្ឋនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល។

យុទ្ធសាស្រ្តទី៦. ពង្រឹងគុណភាពកម្មវិធីជាតិដែលមានការចូលរួមពីអង្គការសង្គមស៊ីវិល៖ បង្កើនភាពជាដៃគូជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវិល និងផ្តល់ថវិកាជាតិដល់អង្គការសង្គមស៊ីវិលក្នុងដំណើរការគ្លីនិក និងកម្មវិធីជាតិនានាដែលរដ្ឋមិនអាចបំពេញបាន។

យុទ្ធសាស្ត្រទី៧.វិមជ្ឈការសេវាសុខាភិបាល៖ វិមជ្ឈការឲ្យអង្គការសង្គមស៊ីវិល និងស្ថាប័នឯកជនដេញថ្លៃយកសេវាចាក់ថ្នាំថ្នាំបង្ការ និងកម្មវិធីជាតិចាំបាច់មួយចំនួន។ ភ្នាក់ងាររដ្ឋមានតួនាទីអភិបាលកិច្ចតាមបែបចូលរួមនូវដំណើរការផ្តល់សេវាកម្មវិធីជាតិទាំងនោះ។

យុទ្ធសាស្រ្តទី៨. ពង្រឹងការអនុវត្តស្តង់ដាសេវាសុខាភិបាល៖ រៀបចំស្តង់ដារសេវាសុខភាពដោយយកគំរូតាមប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ាន និងដាក់ឲ្យអនុវត្តចំពោះមន្ទីរពេទ្យរដ្ឋ និងឯកជន។

យុទ្ធសាស្រ្តទី៩. ពង្រឹងការគ្រប់គ្រងគ្រឹះស្ថានសុខាភិបាលពីភាគីពាក់ព័ន្ធ៖ ពង្រឹងការចូលរួមរបស់សហគមន៍ តាមរយៈពង្រីកសមាសភាពពីអង្គការសង្គមស៊ីវិល និងសមាជិកសហគមន៍ក្នុងយន្តការគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព គណៈកម្មការគ្រប់គ្រងមន្ទីរពេទ្យបង្អែក។ វិនិយោគបន្ថែមទាំងសមត្ថភាព សេចក្តីសម្រេចចិត្តនិងធនធានថវិការដ្ឋ ដើម្បីឲ្យដំណើរការ។ ជំរុញឲ្យអនុវត្តទាំងស្រុងនូវឧបករណ៍គណនេយ្យភាពសង្គមដូចជា (Citizen Report Card-CRC, Community Score Card=CSC, Social Audit=SA, Social Budgeting-SB etc.)។

យុទ្ធសាស្ត្រទី១០. ពង្រីកការធានារាប់រងសុខភាពសហគមន៍ និងមូលនិធិសមធម៌៖ រៀបចំ និងដាក់ឲ្យប្រើប្រាស់នូវគោលការណ៍ធានារ៉ាប់រងសុខភាព សម្រាប់ពលករធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ។ ពង្រឹងការសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងស្តង់ដារ ដោយមានភាគីយ៉ាងតិចបួន (ស្ថាប័នរដ្ឋ ស្ថាប័នអង្គសង្គមស៊ីវិល ក្រុមហ៊ុនដែលកម្មករធ្វើការ និងកម្មករខ្លួនឯង)។ គ្រប់ស្ថាប័នមន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យបង្អែកត្រូវមានភាគីទីបីគឺអង្គការសង្គមស៊ីវិល និងផ្នែកឯកជនគ្រប់គ្រងមូលនិធិសមធម៌ សម្រាប់អ្នកក្រីក្រនិងគ្រួសាររងគ្រោះក្នុងនាមជាភាគីទី៣.

យុទ្ធសាស្ត្រទី១១. បង្កើនការគ្រប់គ្រងតម្លៃសេវាសុខាភិបាល៖ បង្កើតក្រុមតំណាងប្រជាពលរដ្ឋដើម្បីកំណត់តម្លៃសេវាសុខភាព អភិបាលកិច្ចល្អ តាមដាន និងវាយតម្លៃលើសេវាសុខាភិបាលទូទៅ។

យុទ្ធសាស្ត្រទី១២. ពង្រឹងការចូលរួមសកម្មរបស់ពលរដ្ឋ៖ រៀបចំយន្តការប្រជាធិបតេយ្យក្នុងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន គណៈគ្រប់គ្រងមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមរយៈការចូលរួមរបស់បុគ្គលិកស្ថាប័ននោះផ្ទាល់។ លុបបំផុតចោលទាំងស្រុងនូវការតែងតាំងប្រធាន អនុប្រធានតាមរយៈមេនយោបាយ ឬថ្នាក់លើ។

យុទ្ធសាស្ត្រទី១៣. ពង្រឹងវិជ្ជាជីវៈសុខាភិបាល៖ ពង្រឹងការអនុវត្តជាក់ស្តែងនូវគោលនយោបាយដាក់ទណ្ឌកម្មដល់បុគ្គលិកប្រព្រឹត្តខុសពីក្រមសីលធម៌វិជ្ជាជីវៈ និងគោលនយោបាយនៃការចូលរួមពេញលេញពីប្រជាពលរដ្ឋ តំណាងប្រជាពលរដ្ឋ ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលក្នុងកិច្ចការអភិបាលកិច្ចល្អ។

យុទ្ធសាស្ត្រទី១៤. ពង្រឹងយន្តការសម្របសម្រួលរវាងផ្នែកឯកជន អង្គការសង្គមស៊ីវិល និងរដ្ឋ៖ ពង្រឹងយន្តការក្រុមការងារសុខភាពថ្នាក់ជាតិ (Institutionalized TWGH with clear procedures and decision making) និងថ្នាក់ក្រោមជាតិតាមរយៈកូតា (ភាគបែង) ស្មើភាពរវាងសមាជិកនៃតំណាងស្ថាប័នរដ្ឋ តំណាងអង្គការសង្គមស៊ីវិល តំណាងជនរងគ្រោះ តំណាងផ្នែកឯកជន និងតំណាងដៃគូពាក់ព័ន្ធនានា។

យុទ្ធសាស្ត្រទី១៥. ពង្រីកនិងពង្រឹងការអប់រំសុខភាពបឋម៖ ពង្រីកកម្មវិធីអប់រំសុខភាពបឋមតាមរយៈវិមជ្ឈការឲ្យអង្គការសង្គមស៊ីវិល បណ្តាញសហគមន៍ ផ្នែកឯកជន និងបញ្ចូលក្នុងផែនការអភិវឌ្ឍនិងផែនការវិនិយោគឃុំ/សង្កាត់។ យុទ្ធនាការអប់រំសុខភាព និងសុខភាពបន្តពូជ ត្រូវជំរុញតាមប្រព័ន្ធផ្សព្វផ្សាយសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា។

យុទ្ធសាស្រ្តទី១៦. ពង្រឹងការសិក្សាស្រាវជ្រាវ៖ ពង្រឹង និងពង្រីកការសិក្សាស្រាវជ្រាវតាមបែបចូលរួម និងតាមលក្ខណៈវិទ្យាសាស្ត្រដោយមានការសហការជាមួយស្ថាប័ននានាដូចជា វិទ្យាស្ថានជាតិស្ថិតិរបស់ក្រសួងផែនការ ស្ថាប័នស្រាវជ្រាវអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ស្ថាប័នស្រាវជ្រាវឯកជន ស្ថាប័នស្រាវជ្រាវតាមសកលវិទ្យាល័យ និងអ្នកស្រាវជ្រាវឯករាជ្យនានា៕

យុទ្ធសាស្រ្តទី១៦. ពង្រឹងគុណភាពវិធីសាស្រ្តកំណត់គ្រួសារក្រីក្រ និងពង្រីកការប្រើប្រាស់ប័ណ្ណក្រីក្រ៖ ការសិក្សាកំណត់អត្តសញ្ញាណភាពក្រីក្រមានការចូលរួមពេញលេញពីស្ថាប័នស្រាវជ្រាវ ផ្នែកឯកជន និងអង្គការសង្គមស៊ីវិល។ប័ណ្ណសមធម៌គួត្រូវបានប្រើប្រាស់គ្រប់ផ្នែក ទាំងសេវាសេដ្ឋកិច្ច សង្គមកិច្ច និងសេវាកម្មនានា។

បន្ថែមពីលើនេះ លោក កែម ឡី ក៏បានបញ្ជាក់ពីរបាយការណ៍មួយចំនួនទាក់ទងនឹង វិស័យសុខាភិបាលនៅកកម្ពុជាផងដែរ។ លោកថា នៅកម្ពុជាអត្រាស្លាប់របស់ម្តាយ​ និងកូនអាយុក្រុម ៥ឆ្នាំនៅតែខ្ពស់ ដែលបញ្ជាក់ពីគុណភាពសេវាសុខាភិបាល នៅទាបដោយសារការអប់រំពីអកប្បកិរិយារបស់ពលរដ្ឋតិចតួច សេវាអប់រំសុខភាពបឋមទាប សេវាបញ្ជូនយឺត សេវាអន្តរាគមន៍នៅទាប និងសីលធម៌គ្រួពេទ្យនៅមានបញ្ហានៅឡើយ។

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពសុខភាពប្រជាពលរដ្ឋកម្ពុជា នៅតែជាបន្ទុកដ៏ធ្ងន់ធ្ងរនៅឡើយដូចជា អត្រាស្លាប់របស់ស្រ្តីជុំវិញសម្រាលកូននៅខ្ពស់ (១៧០ ក្នុងចំណោម ១០០.០០០កូនកើតរស់)។ អាត្រាម្តាយស្លាប់ជុំវិញសម្រាលអាចបង្ការបានដោយប្រព័ន្ធសុខាភិបាល ដែលមានគុណភាពខ្ពស់ជាពិសេសប្រព័ន្ធបញ្ជូន ប្រព័ន្ធសង្រោះជម្ងឺ និងប្រព័ន្ធការពារមា្តយពេលមានផ្ទៃពោះ។ តែនៅកម្ពុជាអត្រាម្តាយស្លាប់នៅតែខ្ពស់បំផុត បើប្រៀបធៀបជាមួយប្រទេសអភិវឌ្ឍន៍ និងប្រទេសឧស្សាហកម្មនានានៅលើសកលលោក។
បើយោងតាមការសិក្សាសុខភាពប្រជាសាស្រ្តនៅឆ្នាំ២០១៤ កម្ពុជាមានអត្រាម្តាយស្លាប់ជុំវិញសម្រាលរហូតដល់ ១៧០នាក់ ក្នុងចំណោមកូនកើតរស់ ១០០,០០០នាក់ តែប្រទេសនៅអឺរ៉ុប អត្រាស្លាប់របស់ម្តាយជុំវិញសម្រាលមានប្រមាណតែពី៣ដល់ ១០នាក់ប៉ុណ្ណោះ ក្នុងចំណោមកូនកើតរស់ ១០០,០០០នាក់ដូចគ្នា។

តាមការសិក្សារបស់ក្រសួងសុខាភិបាល (EMOC Study) បានបញ្ជាក់ថា មូលហេតុម្តាយស្លាប់ដោយសារតែ ទី១. គិតយឺតពេល(មិនបានពិនិត្យផ្ទៃពោះ អកប្បកិរិយាអវិជ្ជមានចំពោះការស្វែងរកការព្យាបាលនិងបង្ការថ្នាំនានា) ទី២.បញ្ជូនយឺត (ប្រព័ន្ធបញ្ជូនជម្ងឺនៅខ្សោយនៅកម្ពុជាជាពិសេសតំបន់ដាច់ស្រយាល និងតំបន់ភ្នំនិងកោះ) និងទី៣. សង្រោះយឺត(ម្តាយមកដល់មន្ទីរពេទ្យហើយ តែសមត្ថភាពមន្ទីរពេទ្យ មន្ទីរសង្គោះ និងនីតិវិធីយឺតយ៉ាវពេក)។ មូលហេតុធំបំផុតគឺភាពក្រីក្រនិងខ្វះអាហាររូបត្ថម ដែលម្តាយនៅជុំវិញសម្រាលប្រមាណ៥៧% មានភាពស្លេកស្លាំង និងស្រ្តីទូទៅមានភាពស្លេកស្លាំងរហូតដល់៤៤% ។ ភាពក្រីក្រ និងកង្វះអាហាររូបត្ថមក៏ជាដើមចម ក្នុងការនាំឲ្យម្តាយមានភាពស្គម និងសុខភាពមិនល្អ។ អត្រាស្លាប់របស់កុមារក្រោម ៥ឆ្នាំ (៣៨ក្នុង ១០០០កូនកើតរស់), អត្រារបស់ប្រជាពលរដ្ឋដោយជម្ងឺ (៨៦,៥% ក្នុង១០០០នាក់) និងមិនទាន់ឆ្លើយតបទៅសេចក្តីត្រូវការពិតរបស់ស្រ្តី និងកុមារ ក្នុងកម្មវិធីពន្យារកំណើត កម្មវិធីអាហារូបត្ថម្ភ និងកម្មវិធីសុខភាពបន្តពូជតាមផែនការនៅឡើយ។

ភាពបាត់បង់ជំនឿលើសេវាសុខាភិបាលពីសាធារណជន និងថ្នាក់ដឹកនាំជាន់ខ្ពស់ ជាបញ្ហាប្រកាសអាសន្នមួយដែលវិស័យសុខាភិបាល ត្រូវការសង្រោះបន្ទាន់ និងគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តថ្មីៗនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ប្រាក់បៀវត្សរ៍ទាប ក្រមសីលធម៌របស់គ្រូពេទ្យធ្លាក់ចុះ ប្រព័ន្ធសុច្ចរិតភាពខ្សោយ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តនៅមានបញ្ហានៅឡើង។ ជាងនេះទៅទៀត វប្បធម៌បុគ្គល និងស្ថាប័នមិនបើកចំហ ការិយាល័យធិបតេយ្យ ពុករលួយ ជាជម្ងឺសង្គមក្នុងវិស័យនេះ។ ថ្នាក់ដឹកនាំមានទំលាប់មិនល្អ ចាំតែទទួលបញ្ជាពីថ្នាក់លើបានក្លាយជាវប្បធម៌ដែលត្រូវកែប្រែថ្នាក់ដឹកនាំ ឬត្រូវធ្វើការផ្លាស់ប្តូរភាពជាអ្នកដឹកនាំថ្មី៕