(សៀមរាប)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានលើកឡើងថា កងទ័ពគឺជាឆ្អឹងខ្នង នៃប្រទេសជាតិគ្រប់កាលៈទេសៈទាំងអស់ ជាតិរុងរឿង ជាតិខ្លាំងក្លាក៏ខ្លាំងដោយសារកងទ័ព។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ខណៈដែលចុះជួបជាមួយ នាយទាហាន នាយទាហានរង ពលទាហាន និងនិស្សិតនាយទាហានសកម្មចំនួន១១០នាក់ នៅក្នុងពិធីសច្ចាប្រណិធាន របស់នាយទាហាននៅមុខប្រាសាទអង្គវត្តនៅថ្ងៃទី១៧ ខែមករានេះ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា «កងទ័ពគឺជាឆ្អឹងខ្នងនៃ ប្រទេសជាតិគ្រប់កាលៈទេសៈទាំងអស់ ជាតិរុងរឿងជាតិខ្លាំងក្លាក៏ខ្លាំងដោយសារកងទ័ព។ ដូច្នេះប្អូនៗ នាយទាហាន ដែលបានសច្ចាប្រណិធាននៅទីនេះ គឺត្រូវប្តេជ្ញាចិត្តក្នុងនាម ជានាយទាហានជំនាន់ក្រោយ»។

ក្នុងនាមអ្នកកាន់កាប់ជោគវាសនាអនាគត សុខសន្តិភាពរបស់ជាតិ ការពារបូរណភាពទឹកដីរបស់យើង ត្រូវប្តេជ្ញាចិត្ត ដើម្បីបំពេញភារកិច្ច ជូនជាតិមាតុភូមិ ចូលរួមកសាងជាតិ និងលើកកិត្យានុភាពជាតិឱ្យដូចកងទ័ពបុព្វបុរស របស់យើងដែលបាន ឆ្លាក់នៅតាមប្រាង្គប្រាសាទអង្គវត្តនិងប្រាសាទនានា ដែលបានបង្ហាញប្រវត្ថិតួនាទី និងភារកិច្ចរបស់កងទ័ព»។ 

លោក ហ៊ុន ម៉ាណែត បានអបរអរសាទរ ចំពោះជោគជ័យ របស់និស្សិតនាយទាហាន សកម្មជំនាន់ទី១៦សែនជ័យ ក្រោមការខិតខំប្រឹងប្រែង អំណត់ តស៊ូ ឆ្លងកាត់វគ្គសិក្សា និងហ្វឹកហ្វឺនជិត៤ឆ្នាំកន្លងមក។ ជាមួយនោះដែរ លោកក៏បាន សម្តែងនូវការកោតសរសើរ ដោយស្មោះ ចំពោះនិស្សិតទាំងអស់ ដែលមានសេចក្តីក្លាហាន និងមនសិកាសេ្នហាជាតិខ្ពស់ ស័្មគ្រចិត្តចូលបំរើក្នុងជួរកងយោធពលខេមរភូមិន្ទផងដែរ៕