(ពោធិ៍សាត់)៖ យុវជនប្រុសស្រីនៅក្នុងខេត្តពោធិ៍សាត់១៩៣នាក់ បានស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា (CPP) បន្ទាប់ពីពួកគេយល់ឃើញថា បក្សមួយនេះបានដាក់ចេញ​នូវគោលនយោបាយ​មានភាពប្រាកដនិយម នាំមកនូវភាពរីកចម្រើន សម្រាប់សង្គមជាតិ។ ជាមួយការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាហើយនោះ ក្រុមយុវជនទាំងនេះ បានបង្ហាញការប្តេជ្ញា ចិត្តប្រឹងប្រែងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ និងធ្វើជាគំរូល្អសម្រាប់យុវជន ឲ្យសមជាសសរទ្រូងរបស់ប្រទេសជាតិផងដែរ។

ពិធីបញ្ចូលយុវជនជាសមាជិក CPP បានធ្វើឡើង នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នាទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លោក ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ និងលោក កែវ រតនៈ ប្រធានក្រុមការងារយុវជនខេត្តពោធិ៍សាត់។

លោក កែវ រតនៈ បានឲ្យដឹងថា នេះគឺជាលើកទី៥ ដែលក្រុមការងារយុវជនខេត្ត បានធ្វើពិធីប្រកាសសុពលភាព សមាសភាព ថ្នាក់ដឹកនាំក្រុមការងារយុវជនថ្នាក់ស្រុក ឃុំ និង ភូមិ។

នៅក្នុងពិធី​បញ្ចូលសមាជិកជាយុវជនថ្មីនេះ លោក ខូយ សុខា បានថ្លែងក្រើនរំលឹកឲ្យយុវជនកុំមានការស្ទាក់ស្ទើរ កុំរើសអើង ត្រូវមានឆន្ទះអង់អាចតស៊ូឧស្សាព្យាយាម ទើបប្រជាពលរដ្ឋគោរព​ស្រឡាញ់នៅក្នុងមូលដ្ឋាន។ លោក បានដាស់តឿនដល់យុវជន ត្រូវចេះរៀបចំខ្លួនឲ្យបានស្អាតស្អំ ធ្វើយ៉ាងណាឲ្យដូចយុវជនសម័យមុន ដែលមកដល់ពេលនេះ មួយចំនួនត្រូវបាន​ចូលនិវត្តន៍​ជាបន្តបន្ទាប់ តែកេរ្តិ៍ឈ្មោះ និងគុណបំណាច់សម្រាប់ជាតិមិនសាបសូន្យ។ លោកបានជំរុញ ឲ្យយុវជនជំនាន់ក្រោយ ត្រូវតែខិតខំរៀនសូត្រនូវបទពិសោធន៍ពីអ្នកជំនាន់មុន នេះគឺជាគុណធម៌ នៃប្រជាជាតិ ។ យុវជនជំនាន់ក្រោយត្រូវយកបទពិសោធន៍ទាំងអស់នោះ ដើម្បីជាគុណប្រយោជន៍ដល់សង្គមជាតិ។

លោក ខូយ សុខា ក៏បានរំលឹកពីប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ទាក់ទងទៅនឹងថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ដែលបានរំដោះ ពលរដ្ឋកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង ធ្វើឲ្យប្រទេសជាតិ រីកចម្រើនរហូតដល់បច្ចុប្បន្ន។ ក្រៅពីការបញ្ចូលយុវជនថ្មី នៅថ្ងៃម្សិលមិញនេះ ក៏មានការបើកសម្ពោធសាលាបណ្តុះបណ្តាលវិជ្ជាជីវៈនៅឯខេត្តផងដែរ។

លោក ទី នរិន្ទ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានទិសដៅបណ្តុះបណ្តាឡជំនាញបន្ថែម ដល់ក្រុមការងារយុវជនគ្រប់ស្រុក។ លោកអំពាវនាវឲ្យយុវជនតាមស្រុក​ទៅរៀននៅសាលាបណ្តុះ​បណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនចំណេះជំនាញ និងសមត្ថភាព។ អគារបណ្តុះបណ្តាលនេះ ធ្វើពីថ្មមានទំហំ ២៥ម៉ែត្រ x ៦ម៉ែត្រ មាន ២បន្ទប់ ចាប់ផ្តើមស្ថាបនាក្នុងខែកញ្ញា ឆ្នាំ២០១៥ មានការបណ្តុះ បណ្តាលជំនាញកាត់ដេរ និង កុំព្យូទ័ររដ្ឋបាល៕