(មណ្ឌលគិរី-ក្រចេះ)៖ ប្រជាពលរដ្ឋ បានរាយការណ៌ដល់អង្គភាព Fresh News ថា នៅពេញមួយព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦នេះ ក្រុមឈ្មួញកំពុងសម្រុក ដឹកជញ្ជូនឈើ ចេញពីកន្លែងតុងមិន របស់ស្រុកសំបូរ យកទៅស្តុកទុកនៅទឹកដីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោយពីកងកម្លាំងសមត្ថកិច្ចត្រៀមចុះទៅបង្ក្រាប និងរឹបអូសឈើទាំងនោះ ។

សេចក្តីរាយការណ៌ បានបញ្ជាក់ថា ក្រោយអង្គភាព Fresh News ចុះផ្សាយកាលពីម្សិលមិញ ហើយកងកម្លាំងសមត្ថកិច្ច នឹងចុះបង្ក្រាបនោះ មានមន្រ្តីសមត្ថកិច្ចខ្លះ បានទៅប្រាប់ក្រុមឈ្មួញ ឲ្យធ្វើការដឹកជញ្ជូនចេញពីកន្លែងកុងមិនយកទៅស្តុកទុកនៅទីតាំងថ្មី នៃទឹកដីស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ នៅតំបន់ទឹកដីកុងមិននោះ ត្រូវបានប្រជាពលរដ្ឋរាយការណ៌ថា មានសមត្ថកិច្ចមួយចំនួន នៅយាមប្រចាំការ៉ាស់ ដើម្បីមើលការខុសត្រូវនៅទីនោះ ។

ដោយឡែកនៅព្រឹកថ្ងៃដដែលនេះកម្លាំងអាវុធហត្ថជាច្រើននាក់ បានចុះទៅបង្ក្រាប និងរឹបអូសឈើជាច្រើនដុំ ដែលមានមុខកាត់ធំ រាប់រយម៉ែតគូប ស្ថិតនៅភូមិសាស្រ្ត ឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ។

សកម្មភាពសម្រុកដឹកឈើ ប្រភេទប្រណិតយ៉ាងច្រើនជាហូរហែខាងលើនេះ បានកើតមានឡើងក្រោយពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានប្រកាសចេញ​វិធានការ​ដ៏ក្តៅគគុក លើប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ទូទាំងប្រទេសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ប្រចាំសប្តាហ៍ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។

ប្រជាពលរដ្ឋរស់នៅស្រុកសំបូរ ខេត្តក្រចេះ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ថា នៅតាមផ្លូវកុងមិន ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញមានគោយន្តកន្រ្តៃយ៍ ជាច្រើនគ្រឿង បានដឹកឈើមានមុខកាត់ធំៗ ចេញពីកន្លែងស្តុក នាំទៅកាន់ប្រទេសវៀតណាមដែលសកម្មភាពទាំងនេះ ក្រុមឈ្មួញបានប្រើរូបភាព ប្រជាពលរដ្ឋ ដឹកតាមគោយន្តប៉ុន្តែធាតុពិត នៅពីក្រោយ សុទ្ធតែក្រុមឈ្មួញឈើធំៗ ។

សេចក្តីរាយការណ៍បានបន្តថា ចុះពីផ្លូវជាតិចូលតាមផ្លូវកុងមិន បានចំងាយប្រមាណ១០គីឡូម៉ែត្រ មានដេប៉ូមួយកន្លែង ស្តុកឈើដែលគេអះអាងថា ជារបស់ក្រុមហ៊ុនចិន មិនកុង តែធាតុពិតជារបស់ក្រុមឈ្មួញគរទុកចោលនៅទីនោះ។ ហើយបន្តដំណើរទៅមុខទៀត ចំងាយប្រមាណ៤០គីឡូម៉ែត្រ មានប៉ារ៉ាស់មួយ ដែលនៅទីនោះមានកងនគរបាល និងអាវុធហត្ថ យាមប្រចាំការ ដែលជាកន្លែងដេប៉ូស្តុកឈើទី២ ហើយឈើទាំងនេះភាគច្រើន ត្រូវបានកាប់ និងដឹកជញ្ជូនចេញពីខេត្តមណ្ឌលគិរី។

ចំពោះការសម្រេចបង្កើតគណៈកម្មាការនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្រគល់ឧទ្ធម្ភាគចក្រចំនួពីរគ្រឿង សម្រាប់ប្រតិបត្តិការបង្រ្កាបជំនួញឈើនេះផងដែរ។ តាមរយៈគណៈកម្មាការ ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា ប្រជាពលរដ្ឋសង្ឃឹមថា នឹងជួយឲ្យបានចំពោះធនធានព្រៃឈើនៅកម្ពុជា បានគង់វង្សកាន់តែប្រសើរឡើង៕

 

Posted by Fresh News Photo on Saturday, January 16, 2016