(ព្រៃវែង)៖ អធិការនគរបាលស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លោក ពុំ កាន់ ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារហើយ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ ក្រោយបាញ់ស្លាប់បុរសម្នាក់ ពេលចុះបង្ក្រាបសង្វៀនជល់មាន់ ។

ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៌ ស្រេង ជា បានបញ្ជាក់នៅក្បាលព្រលប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ បញ្ហាអធិការនគរបាលស្រុកស្វាយអន្ទរហ្នឹង ត្រូវបានតុលាការដាក់ពន្ធនាគារ កាលពីព្រឹកមិញ។

បើតាមឧត្តមសេនីយ៌ស្នងការ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ លោក ពុំ កាន់ អធិការនគរបាលស្រុកស្វាយអន្ទរ បានដឹកនាំកម្លាំងចុះបង្រ្កាបល្បែងសុីសងខុសច្បាប់ (មានជល់មាន់ និងបៀរអាប៉ោង) ពេលនោះស្រាប់តែលោកដកកាំភ្លើងខ្លីពីចង្កេះបាញ់ឡើងលើ ប៉ុន្តមិនដឹងយ៉ាងមិច ស្រាប់តែគ្រាប់កាំភ្លើងនោះហោះផ្លាតទៅត្រូវបុរសម្នាក់ដែលកំពុងឈរកាន់កូន បណ្តាលឱ្យដួលសម្លាប់មួយរំពេច។

ការបង្ក្រាបល្បែងសុីសងខាងលើនេះ បានធ្វើឡើង នៅភូមិតងឡងទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ពេលនោះស្រាប់តែលោកអធិការ បានរាលកៃកាំភ្លើងខ្លី ផ្ទុះត្រូវបុរសម្នាក់ដែលកំពុងឈរកាន់កូន បណ្តាលឱ្យដួលស្លាប់មួយរំពេច។

ប្រជាពលរដ្ឋបានប្រាប់ថា បុរសម្នាក់ដែលត្រូវគ្រាប់កាំភ្លើងចំក្បាលនោះ ឈ្មោះ កិត អីម អាយុ៣៨ឆ្នាំ មានទីលំនៅភូមិតងឡងទី៣ ឃុំព្រៃខ្លា និងប្រពន្ធឈ្មោះ សុឹម ម៉េង អាយុ៣៤ឆ្នាំ រស់ស្រុកជាមួយគ្នា។
បើតាមអ្នកភូមិ ខណៈដែលសមត្ថកិច្ចចុះទៅបង្រ្កាប ទីតាំងជល់មាន់ ពេលនោះអ្នកមើលនិងអ្នកលេង បាននាំគ្នារត់ចេញយា៉ងប្រសេចប្រសាច រំពេចនោះស្រាប់តែស្នូរគ្រាប់កាំភ្លើង១គ្រាប់បានផ្ទុះបន្លើរឡើង បន្តិចក្រោយមកស្រាប់តែបុរសម្នាក់បានដួលដេក នឹងដីនៅក្នុងថ្លុកឈាម ក្រោយពីគ្រាប់កាំភ្លើងនោះបានហោះទៅទម្លុះក្បាលរបស់គាត់ធ្លាយពីម្ខាងទៅម្ខាង ។

ដោយឡែកប្រពន្ធបុរសរងគ្រោះពេលនោះបានស្រែកថា «ហេតុអីបាញ់ប្តី​ខ្ញុំអញ្ចឹង» ។ ប៉ុន្តែសមត្ថកិច្ចមិនបានឆ្លើយតបទេ ។ រីឯកូនតូចដែលត្រូវប្តីបីក្រកងនោះក៍រងរបួសបន្តិចបន្តួចផងដែរ។ សម្រាប់ភរិយា និងកូនជនរងគ្រោះក៏បានទទួលថវិកា ចំនួន៥០ម៉ឺនរៀល ពីស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៌ ម៉ៅ ច័ន្ទមធុរិទ្ធ និងឧកញ៉ា ជឹម សុខ ២០មឺុនរៀលផងដែរ។