(កំពង់ចាម)៖ បងប្អូនសាសនិកឥស្លាមកម្ពុជា មានក្តីសប្បាយរីករាយ ដោយពួកគេមានវិហារថ្មី ដែលជាទីគោរពសក្ការ:សាសនារបស់ខ្លួន នៅស្ទើរគ្រប់ភូមិទាំងអស់ ទូទាំងប្រទេស ជាង៥០០ភូមិ។ ជាមួយគ្នានេះដែរ បងប្អូន​សាសនិកឥស្លាម នៅក្នុងភូមិរការ ក្រុងកំពង់ចាម កាន់តែមានក្តីរំភើបថែមទៀត ដោយពួកគេ​បានទទួលវិហារ ឥស្លាមមួយទៀត ដែលមានតម្លៃ ៦៦ម៉ឺនដុល្លាអាមេរិក ជំនួសវិហារចាស់ នៅក្នុងភូមិរបស់ពួកគេ ដែលមកដល់ពេលនេះ សាងសង់រួចរាល់បាន ៨០% ហើយ។

បើតាមការឲ្យដឹង ពីលោក ស្លេះ ពិន យ៉ាមីន ជាអ៊ីម៉ាំក្រុងកំពង់ចាម បានបញ្ជាក់ថា វិហារថ្មីដែលកំពុងសាងសាង់ជិតរួចរាល់នេះ មានឈ្មោះថា «ម៉ាស្ជិទជាមៀកក្រុងកំពង់ចាម» ​មានទំហំ ២៣ម៉ែត្រ x ២៨ម៉ែត្រ កំពស់ពីរជាន់ បានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤ ដោយប្រើប្រាស់ថវិកា បានពីការរៃអង្គាស ពីប្រជាពលរដ្ឋចំនួន ២ម៉ឺនដុល្លារ ក្រៅពីនេះ​ជាជំនួយឧបត្ថម្ភពីសប្បុរសជនមកពីប្រទេស ម៉ាឡេស៊ី ប្រ៊ុយណេ និង សឹង្ហបុរី តាមរយៈ​សមាគមអភិវឌ្ឍន៍ និង​សុខមាលភាពឥស្លាមកម្ពុជា។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសដែលលោក បានអញ្ជើញទៅពិនិត្យ សំណង់វិហារនេះ ហើយបានជួបសំណេះសំណាលជាមួយបងប្អូន និងសិស្សានុសិស្សឥស្លាម នៅទីនោះ​នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ បានមានប្រសាសន៍ថា «យើងបានទទួលវិហារថ្មីស្កឹមស្កៃ ក៏ដោយសារ​ប្រទេសយើងមានសុខសន្តិភាព មិនមានជំលោះសាសនា លើសពីនេះទៅទៀត ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានបើកទ្វារជំនួយ។ យើងអាចសាងសង់វិហារនេះ មានក្បូរក្បាច់រចនាស្រស់ស្អាត សឹងតែស្មើនឹងវិហារធំអាល់សារកាល នៅក្រុងភ្នំពេញ ក៏ដោយសារយើងមានថ្នាក់ដឹកនាំ ភូមិ-ឃុំ របស់យើងល្អ»

លោកបន្ថែមថា «ប្រៀបដូចនេះហើយ យើងទទួលបានអ្វីៗ សព្វបែបយ៉ាង ពីរាជរដ្ឋាភិបាល តាំងពីដើមរៀងមក រហូតថ្មីៗនេះ ក្តីកង្វល់ការលំបាកផ្សេងៗ ត្រូវបានដោះស្រាយ និងផ្តល់ជូនជាបន្តបន្ទាប់ ពិសេស កាដូរដ៏ធំសម្រាប់សហគមន៍ខ្មែរឥស្លាម គឺការផ្តល់ជូនប្រាក់បៀវត្សដល់គ្រូខ្មែរឥស្លាមចំនួន ១៥០០នាក់ នេះទៀតសោត ក៏បានមកដោយសារ យើងមានថ្នាក់ដឹកនាំប្រទេសល្អ។ ហេតុនេះហើយ យើងត្រូវតែដឹងគុណ និងគាំទ្រទៅចំពោះអ្នក ដែលផ្តល់ជូនយើង ឲ្យរស់នៅក្នុងភាពសំបូរសប្បាយ។ ការគាំទ្រដល់រាជរដ្ឋាភិបាល គឺដូចជាការគាំទ្រចំពោះខ្លួន ដូច្នោះដែរ»