(សៀមរាប)៖ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប លោកបណ្ឌិត ឃឹម ប៊ុនសុង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃអនុវិទ្យាល័យបាយ័ន ខេត្តសៀមរាប ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានពាំនាំផ្តាំផ្ញើនូវការសួរសុខទុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

លោកក៏បានកោតសរសើរ និងវាយតំម្លៃខ្ពស់ចំពោះលោក ជា ណុល និងលោកស្រី ព្រមទាំងក្រុមការងារស្ម័គ្រចិត្ត សប្បុរសជនមកពីជប៉ុន និងសហរដ្ឋអាមេរិក ដែលបានខិតខំប្រឹងប្រែងកៀរគរស្វែងរកមូលនិធិពីសប្បុរសជននានា ព្រមទាំងបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការស្ថាបនា អនុវិទ្យាល័យនេះ។

លោកបន្ថែមថា ការទទួលបានពីសប្បុរសជន រួមមាន កសាងអាគារសិក្សា ៣ខ្នង ស្មើរនឹង ១៦បន្ទប់ អាគារស្នាក់នៅ របស់លោកគ្រូ អ្នកគ្រូ ១ខ្នង ស្មើនឹង៦បន្ទប់ ផ្ទះបាយ១ ឃ្លាំង១ និងបន្ទប់ទឹក១ ក្នុងគោលបំណងរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និងអភិវឌ្ឍសង្គមជាតិ តាមរយ:បណ្តុះបណ្តាលធនធានមនុស្ស ការលើកកម្ពស់ជីវភាព របស់បងប្អូនប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រថែមទៀតផង៕