(ភ្នំពេញ)៖ អង្គការមូលនិធិកុមារកម្ពុជា ក្នុងភាពជាដៃគូជាមួយអង្គការ លំនៅដ្ឋានពិភពលោក នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ បានរួមគ្នាក្នុងការផ្ដល់អំណោយ ជាផ្ទះចំនួន៤១ខ្នងជួនប្រជាពលរដ្ឋក្រីក្រ ៤១គ្រួសារ ដែលនេះជាលើកទី៣០០ របស់ខ្លួនព្រមទាំង បើកសម្ពោធនូវសហគមន៍ លំនៅដ្ឋានថ្មីសម្រាប់គ្រួសារក្រីក្រ នៅក្នុងតំបន់បេះដូង នៃអតីតសហគមន៍គំនរសំរាម នារាជធានីភ្នំពេញ ក្រោមអធិបតិភាព រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត នៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ។

បើកសម្ពោធផ្ទះលើកទី៣០០ ដែលបានកសាងឡើងក្នុង រយៈពេល១៨ ខែកន្លងមកនេះ។ លំនៅដ្ឋានចំនួនហុកសិបខ្នងបន្ថែមទៀត នឹងត្រូវផ្តល់ជាអំណោយនៅប៉ុន្មានខែខាងមុខនេះ ទាំងនៅស្ទឹងមានជ័យ និងទូទាំងប្រទេសកម្ពុជា។

លំនៅដ្ឋានដ៏ថ្មីស្រឡាងនេះ នឹងផ្ដល់នូវសុវត្ថិភាព និងសន្ដិសុខដល់ក្រុមគ្រួសារ ដែលបានជួបការលំបាក អស់រយៈកាលជាច្រើនឆ្នាំ ដោយសារភាពក្រីក្រ និងដោយសារលំនៅដ្ឋាន ដែលគ្មានសុវត្ថិភាព ដែល លំនៅដ្ឋានទាំងនេះ បានរួមបញ្ចូលទាំងសួនច្បារ ដែលអាចប្រើសំរាប់ដាំបន្លែបរិភោគ ជាទីប្រជុំនៃសហគមន៍ មានកន្លែងក្មេងលេង ទឹកស្អាត បង្គន់អនាម័យ សុវត្ថិភាពនិងសន្តិសុខល្អ។

លោក Scott Neeson ជាស្ថាបនិក និងជានាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា បានឲ្យដឹងថា វាជាកិត្តិយសដ៏ធំធេងណាស់ ដែលលោករដ្ឋមន្ត្រី វង សូត អញ្ជើញចូលរួម ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវលំនៅដ្ឋានលើកទី៣០០ របស់អង្គការលំនៅ ដ្ឋានពិភពលោក ក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ។

លោក Neeson បានបន្ថែមទៀតថា «សហគមន៍នៃអង្គការលំនៅដ្ឋានពិភពលោក បានផ្ដល់ឱកាសឱ្យកុមារជាច្រើនបន្ថែមទៀត បានរស់នៅក្នុងផ្ទះជាមួយនឹង ក្រុមគ្រួសាររបស់ពួកគេ។ បើនិយាយពីគ្រួសារមួយចំនួនធំ ក្នុងចំណោមគ្រួសារទាំងអស់នេះវាគឺជា លើកដំបូងហើយ ដែលពួកគេបានរស់នៅក្នុងផ្ទះមួយ ដែលមានសន្ដិសុខ មានបន្ទប់ដុះលាងចានឆ្នាំង អនាម័យនិងបរិស្ថានដ៏ ស្រស់ស្អាត»។

ផ្ទះរបស់អង្គការលំនៅដ្ឋានពិភពលោក អាចចល័តបាន និងត្រូវបានសាងសង់ឡើង ពីដែកថែបនិងសម្ភារៈផ្គត់ផ្គង់ផ្សេងៗទៀត ដែលមានប្រភពក្នុងមូលដ្ឋាន នៃសហគមន៍៕