(ភ្នំពេញ)៖ ប្រជាពលរដ្ឋ មន្ត្រីរាជការរស់នៅអមសងខាង ផ្លូវជាតិលេខ៤ បានសម្តែងភាពសប្បាយរីករាយខ្លាំង បន្ទាប់ពីទទួលបាន អនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អនុញ្ញាតឲ្យពួកគេអាចធ្វើដំណើរឆ្លងកាត់ផ្លូវមួយនេះ ដោយមិនចាំ បាច់បង់ប្រាក់។ ដោយឡែកក្រុមហ៊ុន អេហ្សិត ចាប់តាំងពីថ្ងៃទី០៧ ខែមករា រហូតមកដល់បច្ចុប្បន្ននេះ ក៏កំពុងតែមមាញឹកអនុវត្ត តាមអនុសាសន៍របស់សម្តេចតេជោ ដោយធ្វើការចែកជូន និងទទួលពាក្យស្នើសុំ ចំពោះម្ចាស់រថយន្ត ដែលពុំទាន់បានទទួល ការលើកលែងថ្លៃនេះ។

ក្រោយពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបញ្ឈប់ការយកថ្លៃលើប្រជាពលរដ្ឋ និងមន្រ្តីរាជការនៅអមសងខាងផ្លូវជាតិលេខ៤ និងអ្នកធ្វើដំណើរឆ្លងកាត់ញឹកញាប់ ដោយគោរពតាមអនុសាសន៍របស់សម្តេចតេ ជោ ហ៊ុន សែន កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦មកនោះ មានប្រជាពលរដ្ឋ និងមន្រ្តីរាជការរស់នៅអមសងខាងផ្លូវជាតិ ក៏ដូចជាអ្នក ធ្វើដំណើរ ឆ្លងកាត់ញឹកញាប់ ជាច្រើននាក់ បាននាំគ្នាទៅបំពេញពាក្យសុំធ្វើដំណើរឆ្លងកាត់ផ្លូវមួយនេះ។

ប្រជាពលរដ្ឋដែលទៅទទួលពាក្យសុំសិទ្ធិលើកលែងកម្រៃសេវាថែទាំផ្លូវ បានសម្តែងសេចក្តីសប្បាយរីករាយ ចំពោះកាអនុវត្តរបស់ ក្រុមហ៊ុន ស្របតាមអនុសាសន៍របស់សម្តេចតេជោ ជាការរួមចំណែកជួយសម្រាលការចំណាយរបស់គាត់បានមួយកម្រិតថែមទៀត ។

លោក លឹម ឆាន ជាមន្រ្តីរាជការមួយរូប បានថ្លែងនៅបញ្ជរបង់ប្រាក់កំបូលថា «ខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជាទូទាំងប្រទេស ជាពិសេ ស គឺប្រជាជនដែលនៅអមផ្លូវជាតិលេខ៤ ដែលទទួលបានកាដូពិសេសពីសម្តេចតេជោ ដោយសារបានរួចថ្លៃបង់ផ្លូវ។ ពីមុនមកគឺ មិនជាទោមនសអ្វីទេ គ្រាន់តែថាបានកាដូលែងបង់លុយ ប៉ុន្តែក្នុងនាមជាប្រជាជនខ្មែរ ចូលរួមក្នុងការកសាងហើយ ជាពិសេស យើង ក៏អបអរសាទរ និងដឹងគុណដល់ក្រុមហ៊ុន អេហ្សិត ដែលបានកសាងផ្លូវជាតិលេខ៤ ពីភ្នំពេញទៅកំពង់សោម គឺមើលទៅឃើញ កាន់តែធំ។ ក្រុមហ៊ុន គឺបានរៀបចំល្អក្នុងការផ្តល់ប័ណ្ណនេះ គឺតាមលេខរៀង ហើយតាមក្រុមហ៊ុនបានអធ្យាស្រ័យឲ្យខ្ញុំ គឺខ្ញុំជិះធ្វើការញឹកញាប់ បង់តែ ១៨០០រៀលទេ ចឹងខ្ញុំពីថ្ងៃនេះទៅខ្ញុំអត់បង់ជាស្វ័យប្រវត្តិ»។

លោក សំ វុធ្ធ ជាប្រជាពលរដ្ឋវិញ ក៏បានបញ្ជាក់ដែរថា «ខ្ញុំមានការសប្បាយចិត្តខ្លាំង ដែលបានលឺ ប្រសាសន៍របស់សម្តេច ដែលថា បានផ្តល់ជូនប្រជាជន អត់យកលុយពីប្រជាជន។ ចំណេញច្រើនជួនកាលខ្ញុំចេញចូលភ្នំពេញបួនប្រាំដងឯណ្ណោះ។ ចឹងខ្ញុំអាចសល់ លុយ នឹងខ្ញុំអាចបង្វែរការចិញ្ចឹមក្រុមគ្រួសារ និង ពង្រីកអាជីវកម្មផ្សេងទៀត»។

លោក ណុប ប៊ុនធីម  បានលើកឡើងដែរថា «រាល់ថ្ងៃខ្ញុំឆ្លងកាត់ផ្លូវនឹងជាញឹកញាប់ជារៀងរាល់ថ្ងៃ។ ខ្ញុំមកនេះ គឺខ្ញុំមកសុំពាក្យដែល លើកលែងការបង់ប្រាក់ពីកន្លែងបញ្ជរ។ ពេលដែលមកនេះ ខ្ញុំមានការត្រេកអរជាខ្លាំង ការអត់បង់ប្រាក់ គឺចំណេញរាល់ការសល់លុយ សល់កាក់ចាក់សាំង។ មកផងចុះឈ្មោះផង គឺអត់មានការលំបាកទេ ហើយខ្ញុំលែងខ្វល់ខ្វាយ ទៅថ្ងៃក្រោយទៅត្រូវបង់ប្រាក់ បង់អីទៀតទេ»។
ទោះបីជាយ៉ាងនេះក្តី មានប្រជាពលរដ្ឋមួយចំនួនតូចបានសម្តែងការមិនពេញចិត្តចំពោះក្រុមហ៊ុន ដោយសារពួកគាត់ ពុំទាន់បាន យល់ច្បាស់អំពីនីតិវិធី នៃការផ្ដល់ប័ណ្ណលើកលែងបង់កម្រៃ ហើយមានប្រជាជនមួយចំនួនចង់បានប័ណ្ណភ្លាមៗ ក្រោយពីការដាក់ពាក្យ ស្នើសុំ។ គេសង្កេតឃើញដែរថា មានបុគ្គលិកក្រុមហ៊ុន និងរោងចក្រមួយចំនួនទាំងជនជាតិខ្មែរ និង ជនជាតិចិន ដែលមិនមានទីលំនៅ តាមបណ្តោយផ្លូវជាតិលេខ៤ ប៉ុន្តែមកបម្រើការងារនៅតំបន់ក្បែរខាង ក៏បានមកដាក់ពាក្យសុំប័ណ្ណមិនបង់ប្រាក់ពីក្រុមហ៊ុន អេហ្សិត ផងដែរ។

បើតាមលោក ជួន វ៉ាន់ឌន តំណាងក្រុមហ៊ុន អេហ្សិត បានឲ្យដឹងថា ក្រុមហ៊ុន កំពុងដំណើរការផ្សព្វផ្សាយសេចក្ដីជូនដំណឹង របស់ ទីស្ដីការគណៈរដ្ឋមន្ត្រី ស្ដីពីការសម្រេចរបស់រាជរដ្ឋាភិបាល ផ្ដោតសំខាន់ លើនីតិវិធីនៃការលើកលែងការបង់កម្រៃថែទាំផ្លូវជាតិលេខ៤ និង ការផ្ដល់ប័ណ្ណកំណត់អត្តសញ្ញាណរថយន្តគ្រួសារ និងរថយន្តមន្ត្រីរាជការ ដែលរស់នៅសងខាងផ្លូវជាតិលេខ៤ ហើយធ្វើដំណើរឆ្លង កាត់ញឹកញាប់ និងជាប់ជាប្រចាំ។ ក្រុមហ៊ុនបានចែកជូនពាក្យស្នើសុំប្រមាណចំនួន២០០០ ច្បាប់និងចំនួនអ្នកមកដាក់ពាក្យមាន បញ្ជាក់ពី អាជ្ញាធរឃុំ/សង្កាត់ និងក្រសួងស្ថាប័ន មានចំនួន ៤០០ច្បាប់។

លោកបានបន្តទៀតថា ក្រុមហ៊ុន កំពុងផ្សព្វផ្សាយសេចក្ដីជូនដំណឹងរបស់រាជរដ្ឋាភិបាល នៅតាមបញ្ជរបង់ប្រាក់ ដែលក្នុងនោះមានការ តាំងបដាធំៗ និងចែកសេចក្ដីជូនដំណឹងនេះជូនអ្នកធ្វើដំណើរឆ្លងកាត់បញ្ជរបង់ប្រាក់ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ច្បាស់។
ដោយផ្អែកតាមខ្លឹមសារនៃសេចក្ដីជូនដំណឹង ក្រុមហ៊ុននឹងចែកជូនប័ណ្ណអង្កេតចំនួនជើងរថយន្តឆ្លងកាត់ ដែលត្រូវការបំពេញព័ត៌មាន រយៈពេលយ៉ាងយូរ ៣០ថ្ងៃ។ ក្រោយពីផ្ទៀងផ្ទាត់ភាពញឹកញាប់នៃការធ្វើដំណើរឆ្លងកាត់ផ្លូវ (ចំនួនមិនតិចជាង២០ដងក្នុងមួយខែ)  ក្រុមហ៊ុននឹងផ្ដល់ជូននូវ Sticker កំណត់អត្តសញ្ញាណអនុគ្រោះមិនបង់កម្រៃ៕