(ភ្នំពេញ)៖ សមាជិកសភា ៩៣រូប លើ ៩៨រូបមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានលើកដៃយល់ព្រម អនុម័តលើសេក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ ក្រោមអធិបភាពសម្តេច ហេង សំរិន  ប្រធានរដ្ឋសភា។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន សែន និង លោក កឹម សុខា។

សូមបញ្ជាក់ថា  AIIB គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពហុភាគី ដូចធនាគារពិភពលោក (WB) និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)  ដែរ។ AIIB មានដើមទុនសរុបចំនួន ១០០ពាន់លានដុល្លារអាមេរិក និងមានគោលដៅ៖ (១)- ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកប  ដោយនិរន្តរភាព កៀងគរធនធាន និង លើកកម្ពស់ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់អាស៊ី តាមរយៈការវិនិយោគលើហេដ្ឋា រចនាសម្ព័ន្ធ និងវិស័យលើកកម្ពស់ ផលិតភាព ផលិតកម្មផ្សេង ទៀត និង (២)- ជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនៅក្នុង តំបន់អាស៊ី ដើម្បីរួមគ្នាដោះស្រាយ រាល់បញ្ហាប្រឈមនានា តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយស្ថាប័ន អភិវឌ្ឍន៍ ពហុ ភាគី និង ទ្វេភាគីនានា។

ក្នុងឋានៈជាសមាជិកស្ថាបនិករបស់ AIIB កម្ពុជាចាត់ទុកថា AIIB ជាប្រភពហិរញ្ញប្បទានដ៏មានសារៈសំខាន់ថ្មីមួយទៀត សម្រាប់ បំពេញបន្ថែមលើហិរញ្ញប្បទានពីប្រភព ដៃគូអភិវឌ្ឍន៍នានាដែលមានស្រាប់ សម្រាប់បម្រើឱ្យសេចក្តីត្រូវការកម្ពុជា ក្នុងការវិនិ  យោគលើវិស័យអាទិភាពអាទិភាពសំដៅទ្រទ្រង់កំណើន និងលើកកម្ពស់ផលិតភាពផលិត នៃសេដ្ឋកិច្ច ព្រមទាំងសមត្ថភាព ប្រកួតប្រជែងរបស់កម្ពុជា៕