(ភ្នំពេញ)៖ ប្រជាពលរដ្ឋបានឡោមព័ទ្ធចាប់ចោរម្នាក់ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវ ក្រោយធ្វើសកម្មភាព លួចទូរស័ព្ទដៃចំនួន ២គ្រឿង ពីផ្ទះជនរងគ្រោះ ដែលកំពុងសាកថ្មចោល នៅវេលាម៉ោង ០៤៖៣០នាទីព្រឹកថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៦នៅចំណុច ក្នុងការដ្ឋានសំណង់ សង់ផ្ទះល្វែងមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្រុម៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

មន្ត្រីនគរបាលប៉ុស្ដិ៍ឫស្សីកែវបានបញ្ជាក់ថា ជនជាប់សង្ស័យឈ្មោះ គឹម ជ្រិន  អាយុ៣០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងមាន ស្រុកកំណើតនៅ ភូមិព្រែកពោធិ៍ ឃុំមឿន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ចំណែកជនរងគ្រោះឈ្មោះ ខឹម សុធា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ និងមាន ស្រុកកំណើត ភូមិព្រែកជ្រាំង ឃុំពាមរោធិ៍ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

មន្ត្រីនគរបាលប៉ុស្ដិ៍ឫស្សីកែវ បានបញ្ជាក់ទៀតថា បើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ មុនកើតហេតុបុរសសង្ស័យ បានលបលួច ចូលទៅដល់គ្រែដេក របស់ជនរងគ្រោះ ក៏ធ្វើសកម្មភាពលួចទូរស័ព្ទចំនួន២គ្រឿង ដែលកំពុងសាកថ្មចោល លើក្បាលដំណេកពេលនោះ ត្រូវជនរងគ្រោះឃើញទាន់ស្រែកផ្អើលឆោរឡោរ ដល់អ្នកជិតខាងមកជួយចាប់ក្របួចជនសង្ស័យ បានភ្លាមៗរួមនិងវត្ថុតាង យកមកប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ឫស្សីកែវ ដើម្បីធ្វើការសាកសួរតែម្ដងទៅ ។

មន្ត្រីនគរបាលបានបន្តថា ក្រោយពីការស្រាវជ្រាវ ទូរស័ព្ទដៃចំនួនពីរគ្រឿង ១ម៉ាកស្មាតម៉ូបាយ ២ម៉ាកអាយហ្វូន៥ត្រូវបានប្រគល់ជូន ជនរងគ្រោះវិញ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះផងដែរ។

បច្ចុប្បន្នជនត្រូវជាប់សង្ស័យកំពុងបន្តការសាកសួរ នៅប៉ុស្ដិ៍ឫស្សីកែវ ដើម្បីបញ្ជូនខ្លួនបន្តទៅឃុំខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ចាត់ការតាមច្បាប់៕