(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឱ្យ លោក William A.Heidt អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោក William A.Heidt ជាអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ដែលជំនួសតំណែងលោក William Todd កាលពីឆ្នាំមុន។ លោក William A.Heidt ធ្លាប់បានធ្វើជាមន្ត្រីទូតនៅកម្ពុជា ផ្នែកសេដ្ឋកិច្ច ក្នុងឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩។ លើសពីនេះ លោក William A.Heidt ក៏មានភរិយាជានារីខ្មែរផងដែរ ដោយលោកអាចនិយាយភាសាខ្មែរ បានយ៉ាងស្ទាត់ជំនាញ។

នៅក្នុងអាណត្តិរបស់លោក William A.Heidt មួយរយៈពេលខ្លីកន្លងទៅនេះ គេសង្កេតឃើញថាទំនាក់ទំនង រវាងកម្ពុជា និងអាមេរិក ហាក់កាន់តែល្អប្រសើរឡើង មិនសូវមានការតានតឹង​ដូចជំនាន់​លោក William Todd នោះឡើយ។ ជាពិសេសលោក William A.Heidt មានភរិយាជាជនជាតិខ្មែរ ដែអ្នកទាំងពីរធ្លាប់លើកឡើងថា នឹងខិតខំជួយអភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត៕