(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសឲ្យម្ចាស់យានយន្តចង្កូតស្តាំងទាំងអស់ ចូលទៅបង់ពន្ធ និងចុះបញ្ជី រថយន្ត ដោយមិនចាំបាច់កែចង្កូត ដើម្បីទទួលបានផ្លាកលេខ និង ប្រើប្រាស់ដោយស្របច្បាប់។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានក្រើនរំលឹកដល់ម្ចាស់រថយន្តចង្កូតស្តាំ ដែលមិនទាន់បានបង់ពន្ធនាំចូលនេះ ត្រូវរួស រាន់ចូលខ្លួនប្រកាសចុះបញ្ជីយានយន្តចង្កូតស្តាំរបស់ខ្លួននៅសាខាគយ និងរដ្ឋាករខេត្ត និងតាមការិយាល័យគយ នៃសាខារាជធា នីភ្នំពេញ និងតាមអង្គភាពគយ និង រដ្ឋាករ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គយ និងរដ្ឋាករកម្ពុជា ដែល Fresh News ទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦តទៅ រថយន្តចង្កូតស្តាំទាំងឡាយ ដែលពុំស្ថិតក្នុងបញ្ជី នឹងមិនត្រូវចាត់ទុកជារថយន្តចង្កូតស្តាំ ដែលមានស្រាប់នៅក្នុងប្រទេសឡើយ ព្រមទាំងចាត់ទុកជាទំនិញហាមឃាត់ និងពុំអាចបំពេញកាតព្វកិច្ចពន្ធអា ការនាំចូលបានឡើយ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានព្រមានផងដែរថា ម្ចាស់រថយន្តចង្កូតស្តាំមានស្រាប់ ដែលខកខានបំពេញកាតព្វកិច្ចពន្ធអា ករតាមកាលកំណត់ (រយៈពេល៦ខែ ចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦) នឹងត្រូវរងនូវវិធានការបង្រ្កាបតាមបទប្បញ្ញតិ្តជាធរមាន ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធស្ពាន៥មករា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ បានសម្រេចអនុញ្ញាតឲ្យប្រជាពលរដ្ឋ​មានរថយន្តចង្កូត​ស្តាំ អាចប្រើប្រាស់រថយន្តដោយមិនមានការកែប្រែចង្កូត តែត្រូវចូលទៅបង់ពន្ធ និងបញ្ឈប់ការនាំចូលរថយន្តចង្កូតស្តាំមកកម្ពុជាបន្តទៅទៀត។

សូមអានសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ម្សិលមិញ៖