(កំពង់ស្ពឺ)៖ លោក កែវ ពិសី ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ នៅពេលនេះមានអ្នកស្លាប់៤នាក់ ព្រមទាំងយកទៅដល់ មន្ទីរពេទ្យ១២នាក់។

លោកស្នងការនគរបាលរូបនោះបានបញ្ជាក់ថា ទីតាំងកើតហេតុគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅគីឡូម៉ែត្រលេខ១០ ភូមិជ័យត្រកួន ផ្លូវលេខ៤១ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ហើយមូលហេតុគឺ៖ មុនពេលកើតហេតុរថយន្តរងគ្រោះទាំងពីរ (ដឹកកម្មករទាំងពីរគ្រឿង) បើកប្រជែងគ្នា, រថយន្តដឹកម្មករ មួយគ្រឿងទៀត បើកពីមុខ តែប្រជែងមិនផុតក៏បុកប៉ះគូទរថយន្តនោះ បណ្តាឲ្យក្រឡាប់តែម្តង!

នៅព្រឹកព្រលឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ រថយន្តដឹកកម្មករមួយគ្រឿង បានក្រឡាប់ធ្លាក់ពីលើផ្លូវជាតិលេខ៤១ ភូមិជ័យត្រកួន ឃុំរកាកោះ ស្រុកគងពិសី(ព្រំប្រទល់គងពិសី - សំរោងទង)។ ក្រោយកើតហេតុភ្លាមៗ ដោយមិនទាន់អាចស្រង់ទិន្នន័យបានច្បាស់ លាស់ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជាជំហានដំបូងថា មានមនុស្សប្រមាណ ១០នាក់ស្លាប់ និងប្រមាណ ៦០នាក់រងរបួស, តែនៅពេលនេះត្រូវបានលោកស្នងការនគរបាលខេត្តបញ្ជាក់ថា មានស្លាប់៤នាក់់ និងរងរបួស១២នាក់៕