(ព្រៃវែង)៖ ដំណាំស្រូវប្រាំងជួបកង្វះខាតទឹក ចំនួន ១.៧០២ ហិកតា ស្ថិតក្នុងឃុំពាមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំពុងត្រូវបានក្រុមការងារ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចុះអន្តរាគមន៍ទាញ យកទឹកពីទន្លេតូចទៅសង្គ្រោះ។

លោក ជុំ សុភី ប្រធានមន្ទីរធនធនទឹក និងឧតុនិយមខេត្តព្រៃវែង បានប្រាប់ឱ្យដឹងនៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៦ ថា ការងារអន្តរាគមន៍នាំទឹកទៅសង្គ្រោះស្រូវប្រាំងនៅក្នុងឃុំពាមន្ទីរ គឺក្រុមការងារមន្ទីររបស់លោក ប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ០៣គ្រឿង សម្រាប់បូមទឹកចេញពីទន្លេតូច ទម្លាក់ចូលប្រឡាយព្រែកជីក ដែលមានប្រវែងជិត ៩.០០០ ម៉ែត្រ ដើម្បីបញ្ចូនទឹកទៅកាន់តំបន់នោះ ។ លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា មកដល់ពេលនេះ ផ្ទៃដីស្រូវប្រាំងរបស់បងបងប្អូនប្រជាកសិករ ដែលបានរងផលប៉ពាល់ និងប្រឈមនឹងកង្វះខាតទឹក សរុបចំនួន ៧.៧៩៦ ហិកតា ស្ថិតក្នុងស្រុកចំនួន ០៧ រួមមានស្រុកព្រះស្តេច ពាមជរ ពាមរក៏ ពោធិរៀង ពារាំង បាភ្នំ ស៊ីធរកណ្តាល និងស្រុកកំពង់ត្របែក ត្រូវបានក្រុមការងារមន្ទីររបស់លោក សហការជាមួយនិងក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម អន្តរាគមន៍តាមរយៈការទាញយកទឹកពីទន្លេ និងប្រភពផ្សេងៗទៀតមកសង្គ្រោះបានជាបន្តបន្ទាប់ ។

លោកបានបន្តថា បច្ចុប្បន្នប្រជាកសិករក្នុងខេត្តព្រៃវែង បាន និងកំពុងដាំដុះដំណាំស្រូវប្រាំងលើសផែនការដែលបានដាក់ចុះហើយ ពោលគឺបានចំនួន ៨៥.៥១០ ហិកតា ស្មើនឹងប្រមាណ ១១៤ ភាគរយ នៃផែនការ ។ ចំណែកស្រូវវស្សាវិញ ត្រូវបានប្រមូលផលរួចរាល់ជាស្ថាពរ ដោយសម្រេចបាន ១០០ ភាគរយ នៃផ្ទៃដីផលិតបាន ចំនួន ២៦៨.៣១៥ ហិកតា ៕