(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសសន្និបាតគណបក្សប្រជាជនកម្ពុជាលើកទី ៣៩ អាណត្តិទី ៥ នៅ ថ្ងៃទី១០ ខែមករានេះ បានប្រកាសដឹងថា ចាប់ពីខែមេសា ឆ្នាំ២០១៧ខាងមុខនេះតទៅ ប្រជាជនកម្ពុជានៅទូទាំងប្រទេស នឹងទទួលបានការបញ្ចុះតម្លៃ ការប្រើប្រាស់ចាប់ពីក្រោម៥០គីឡូវ៉ាត់ នឹងចំណាយអស់ត្រឹមតែ ៦១០រៀលតែប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ម៉ោង។ នេះបើយោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចេញផ្សាយមុននេះបន្តិច នារសៀលថ្ងៃអាទិត្យនេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «ទន្ទឹមនឹងការសម្រេចជាផ្លូវការ ស្តីពីការលើកលែងពន្ឋប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ឋិ ឬ សិទ្ឋិកាន់កាប់អចលនទ្រព្យនៅថ្ងៃនេះ គឺខ្ញុំនឹងបន្តជួយសម្រួលលើថ្លៃអគ្គីសនីជូនបងប្អូនប្រជាពលរដ្ឋជាបន្តទៀតនៅឆ្នាំ ២០១៧ខាងមុខ។ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិអោយបានជ្រាបថា ចាប់ពី ខែ មេសា ឆ្នាំ ២០១៧ ទៅ ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញអគ្គីសនីរដ្ឋក្នុងបរិមាណ ពី ៥០ គីឡូវ៉ាត់ចុះក្រោម គឺបង់ថ្លៃត្រឹមតែ ៦១០ រៀល តែប៉ុណ្ណោះ ។ ខ្ញុំសង្ឃឹមថា ការសម្រេចបន្ឋូរបន្ថយតម្លៃប្រើប្រាស់អគ្គីនីជូនបងប្អូនជនរួមជាតិ គឺពិតជានឹងជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនរួមជាតិបានមួយកម្រិតធំជាមិនខាន»