(កំពង់ធំ)៖ នៅរាត្រីថ្ងៃទី ៩ ខែ មករា ឆ្នាំ ២០១៦ លោកស្រី ឃួន ឃុនឌី អភិបាលរងខេត្តកំពង់ធំ​បានអញ្ជើញជាអធិបតីក្នុង​ពិធីបិទមហោស្រពសិល្បៈ​ប្រឡងចម្រៀងបុរាណ សម័យ អបអរសាទរខួប​អនុស្សាវរីយ៍​លើកទី៣៧​ទិវាបុណ្យ៧មករា ឆ្នាំ ២០១៦ នៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ហើយនាឱកាសនោះមានលោក លោកស្រីប្រធាន  អនុប្រធានមន្ទីរជុំវិញខេត្ត អាជីវករ សិប្បករ ព្រមទាំងប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ ។      

លោក ឆាង កង ប្រធានមន្ទីរវប្បធម៌​ និងវិចិត្រសិល្បៈខេត្ត បានធ្វើរបាយការណ៍បូកសរុបជូនដល់អង្គមហោស្រព ឆ្នាំនេះថាគណៈកម្មការមហោស្រពបានជ្រើសរើសយកប្រធានបទ​ដែលនិពន្ធដោយ​សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ការតស៊ូរំដោះប្រទេសជាតិ២ធ្នូ និងបទចម្រៀងមុនទស្សវត្សឆ្នាំ ៧០ក្នុងន័យថែរក្សានិងអភិរក្សចម្រៀងសម័យ​និងចម្រៀងប្រពៃណីមហោរីស្ទើរតែបាត់បង់អស់  ។   

លោកស្រី ឃួន ឃុនឌី បានលើកឡើងថាតាមរយៈមហាជ័យជំនះជា​ប្រវត្តិសាស្ត្រ៧ មករា ឆ្នាំ១៩៧៩ ព្រមជាមួយនិងការរស់ឡើងវិញរបស់មាតុភូមិកម្ពុជានិងប្រជាជនយើងវប្បធម៌សិល្បៈខ្មែរក៏បាន​រស់ឡើងវិញដែរ ហើយក៏មានការរីកចម្រើន​លើគ្រប់វិស័យ​ក្នុងរយៈពេល៣៧ឆ្នាំនេះ ។

​វប្បធម៌សិល្បៈបានឆ្លុះ​បញ្ចាំងនូវតថភាពសង្គមគ្រប់ជំនាន់ មានចរិតអប់រំ ស្នេហាជាតិមមាតុភូមិការពារបូរណភាពទឹកដី សន្តិភាពនិង​ការអភិវឌ្ឍន៍ ។ លោកស្រីបានផ្តាំដល់បេក្ខជន បេក្ខនារី​និងប្រជាព់រដ្ឋទាំងអស់ ត្រូវខិតខំរៀនសូត្រហាត់ពត់លត់ដំ​បទពិសោធន៍​ពីរៀមច្បងយើង ដែលមានទេពកោសល្យខ្ពស់ដើម្បីក្លាយខ្លួនជាសិល្បៈករ សិល្បៈការិនីសម្រាប់បន្តវេនទៅ ថ្ងៃអនាគត ។ ត្រូវខិតខំថែរក្សាប្រពៃណី ទំនៀមទំលាប់របស់ជាតិឲ្យបានគង់វង្សយូអង្វែងទៅមុខ ។ ត្រូវធ្វើខ្លួនឲ្យ​ក្លាយជាពលរដ្ឋល្អ ផ្តាច់ខ្លួនចេញឲ្យឆ្ងាយពីគ្រឿងញៀន ជម្ងឺអេដស៍​និងអំពើអបាយមុខផ្សេងៗ​ទៀត​ដែលផ្ទុយនិងច្បាប់រដ្ឋ​កុំទទួលយកដោយភ្លើតភ្លើននូវការជ្រៀតចូលរបស់វប្បធម៌បរទេសដែលមានលក្ខណៈអាសអាភាស ឃោឃៅ ពាលាអា​វាសែតាមរយៈវីដេអូ ស៊ីឌី ដែលមានចរិតផ្ទុយស្រឡះ​ពីទំនៀមទំលាប់​របស់ជាតិយើង ៕