(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហោះសារ អមដោយរូបភាពជាច្រើនសន្លឹក នៃសន្និបាតគណបក្សប្រជាជនកម្ពុជា។ នៅក្នុងសារដែលបង្ហោះនោះសម្តេចតេជោ បានបញ្ជាក់ថា ក្នុងសន្និបាតគណបក្សប្រជាជនកម្ពុជា គណបក្សបានពិភាក្សា និងធ្វើការសម្រេចប្រកបដោយការទទួលខុសត្រូវ លើកជោគវាសនារបស់ប្រទេសជាតិ និងប្រជាជនទាំងនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស។

សម្តេចតេជោ ហ៊ុន សែន បានសេរសរថា «រូបថតនេះខ្ញុំថតដោយខ្លួនឯង ក្នុងថ្ងៃដំបូងនៃសន្និបាត គណបក្សប្រជាជនកម្ពុជា គឺថ្ងៃ៩ ខែ មករា ឆ្នាំ២០១៦។ ក្នុងឋាន:ជាគណបក្សដែលបាន រំដោះប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាគណបក្សដែលក្តាប់ជាប់ទង់ឯករាជ្យ អធិបតេយ្យភាព ទង់សន្តិភាព និងការបង្រួបបង្រួមជាតិ ព្រមទាំងទង់នៃការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចសង្គម។ គណបក្សបានពិភាក្សា និងធ្វើការសំរេចប្រកបដោយការទទួលខុសត្រូវ លើជោគវាសនារបស់ប្រទេសជាតិ និងប្រជាជនទាំងនយោបាយ ក្នុងប្រទេស និងនយោបាយក្រៅប្រទេស»។

សម្តេចបានសរសេរទៀតថា «ក្នុងឋាន:ជាបក្សកាន់អំណាច យើងច្បាស់ជាមិនហ៊ានសន្យាខ្យល់ ឬបោកប្រាស់ដូចបក្សនយោបាយខ្លះនោះឡើយ តែយើងធ្វើពិត អនុវត្តន៍ពិត ដើម្បីប្រជាជនបានទទួលផល ពីសកម្មភាពជាក់ស្ដែងរបស់យើង។ សូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យបន្តដឹកនាំប្រទេស​និងសង្ឃឹមថានឹងទទួលបាននូវការគាំទ្រ ជាបន្តទៀតនាពេលបោះឆ្នោតខាងមុខ»

សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា បាននិងកំពុងធ្វើសន្និបាតគណបក្សរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ខែមករា ម្សិលមិញ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ៕