(ភ្នំពេញ)៖ សិស្សសាលា២នាក់ ម្នាក់រៀននៅអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង និងម្នាក់ទៀតរៀន នៅវិទ្យាល័យបូរី១០០ខ្នង ត្រូវបានកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួននៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥នេះ ក្រោយពីរកឃើញ មានកាំភ្លើងខ្លីមួយដើម នៅក្នុងកាបូបពេលដើរចូលសាលា។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី៩ ខែមករានេះថា ជនសង្ស័យទាំង២នាក់ ដែលត្រូវកម្លាំងរបស់លោក ចាប់ខ្លួននោះរួមមានទី១- ឈ្មោះ តេង ដាវីត អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ នៅអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង រស់នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប និងជនសង្ស័យទី២-ឈ្មោះ ទីវ ដារ៉ាត់ អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១១ នៅវិទ្យាល័យបូរី១០០ខ្នង ខណ្ឌសែនសុខ រស់នៅផ្ទះលេខ៣៦ ផ្លូវលេខ៥ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា នៅវេលាម៉ោងជាង៣រសៀលថ្ងៃនេះ ខណៈយុវសិស្ស តេង ដាវីត ដើរចូលសាលានោះ ស្រាប់តែលោកគ្រូនាយកឃើញ មានកាបូបពណ៌ខ្មៅ ពេលនោះមានការសង្ស័យ ក៏រាយការណ៍ដល់សមត្ថកិច្ច មូលដ្ឋានរបស់លោក ចុះទៅសួរនាំ ស្រាប់តែរកឃើញកាំភ្លើងខ្លីមួយដើម ម៉ាកប៉េត្រូវបេរីតា។ ក្រោយឃើញកាំភ្លើងខ្លី នៅក្នុងកាបបូបហើយ សមត្ថកិច្ចក៏បាននាំខ្លួនមកសួរនាំ នៅប៉ុស្តិ៍នគរបាលកាកាប ហើយយុវសិស្សរូបនេះ ឆ្លើយសារភាពថា បានយកពីឈ្មោះ ទីវ ដារ៉ាត់ រួចហើយ ក៏ធ្វើការឃាត់ខ្លួនបន្តទៀត។

បើតាមយុវជនសិស្ស ទីវ ដារ៉ាត់ កាំភ្លើងខ្លីមួយនេះ រូបគេបានទិញពីប្រទេសថៃ អំឡុងពេលទៅលេងនៅទីនោះ។ យ៉ាងណាក៏ដោយ សម្រាប់យុវសិស្សទាំង២នាក់ ត្រូវបាននាំខ្លួនទៅសួរនាំ នៅអធិការដ្ឋាន នគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕