(ភ្នំពេញ)៖ លោក ខៀវ សុភ័គ មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឆ្លើយតបភ្លាមៗ តាមរយៈអង្គភាព Fresh News ទៅកាន់គណបក្សប្រជាធិបេតយ្យមូលដ្ឋានថា ចាំគណបក្សមួយនេះ ឈ្នះឆ្នោតចង់ធ្វើអ្វីក៏ធ្វើទៅ ព្រោះការសម្រេចរបស់រាជរដ្ឋាភិបាល លើការបែងចែក ថវិកាដែលផាកពិន័យបានពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនាពេលនេះ ដោយសំឡឹងឃើញថា ប៉ូលិសចរាចរណ៍ ទទួលបានប្រាក់ខែនៅមានកំរិត ហើយថវិកាផាកពិន័យនេះ គឺយកទៅបន្ថែមលើប្រាក់បៀវត្សរ៍របស់នគរបាលចរាចរណ៍ ដែលមានចំនួនប្រមាណ ៣៤០០នាក់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនោះ បានបញ្ជាក់ថា ការលើកឡើងរបស់ គណបក្សប្រជាធិបេតយ្យមូលដ្ឋាន អំពីថវិកាផាកពិន័យ ចង់ឲ្យដាក់ចូលថវិកាជាតិទាំងអស់ គឺជាការលើកឡើង ដើម្បីប្រឆាំងតែប៉ុណ្ណោះ ពីព្រោះកាលពីរដ្ឋាភិបាល មិនបានតំឡើង ថារាជរដ្ឋាភិបាល មិនចេះគិតគូរ ដល់ពេលរាជរដ្ឋាភិបាលតំឡើងបែរជាប្រឆាំងទៅវិញ។ ជាងនេះទៅទៀត លោក ខៀវ សុភ័គ បានឆ្លើយតបទៀតថា គណបក្សប្រជាធិបេតយ្យមូលដ្ឋាន មានបណ្ឌិតពហុវិស័យជាច្រើននាក់ ដូច្នេះចាំពេលដែលគណបក្សមួយនេះ ឈ្នះឆ្នោត ចង់ធ្វើអ្វីក៏ធ្វើទៅ តែពេលនេះគណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំរាជរដ្ឋាភិបាល។

មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកចរាចរណ៍ សុំមិនបញ្ចេញឈ្មោះបានលើកឡើងប្រាប់ Fresh News ថា នគរបាលចរាចរណ៍មានការនឿយហត់ ខ្លាំងណាស់ ធ្វើការពីថ្ងៃច័ន្ទ ដល់អាទិត្យ ពីពេលព្រឹក ដល់ពេលយប់ គ្មានពេលសំរាកនោះទេ ទោះបីជាស្ថិតនៅក្នុងស្ថានភាព មេឃភ្លៀងស្រិចៗ ក៏ប៉ូលិសចរាចរណ៍នៅតែធ្វើចរាចរណ៍បំរើប្រជាពលរដ្ឋ នៅតាមដងផ្លូវដដែល។ អ្វីដែលអាសូរជាងនេះទៅទៀត នៅថ្ងៃបុណ្យទាន ប៉ូលិសចរាចរណ៍ មិនដែលស្គាល់ថ្ងៃឈប់សំរាកនោះទេ បងប្អូនប្រជាពលរដ្ឋ មានឱកាសឈប់សំរាក នាំក្រុមគ្រួសារដើរកំសាន្ត តាមរណីយដ្ឋាន និងតាមខេត្តនានា តែប៉ូលិសចរាចរណ៍ នៅតែបន្តការងារ រៀបចំសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋមិនថា ថ្ងៃ រឺយប់នោះទេ។

មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកផ្នែកចរាចរណ៍ បានបន្តលើកឡើងថា ការតំឡើងប្រាក់បៀវត្សរ៍ រឺប្រាក់ឧបត្ថម្ភ ជូនចំពោះមន្រ្តីចរាចរណ៍គឺជាការត្រឹមត្រូវ ពីព្រោះ មន្រ្តី​នគរបាលចរាចរណ៍មានភាពនឿយហត់ខ្លាំងណាស់ជាមួយការងារ ។

សូមជំរាបថា គណបក្សប្រជាធិបេតយ្យមូលដ្ឋាន នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ស្វាគមន៍ការប្រឹងប្រែងរបស់រដ្ឋាភិបាល ចំពោះការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងពង្រឹងឲ្យមានការគោរពច្បាប់ចរាចរណ៍ទូទាំងប្រទេស, ប៉ុន្តែទោះបីយ៉ាងណា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសង្កេតឃើញនូវភាពខ្វះចន្លោះនៃការតាក់តែងច្បាប់ របស់រដ្ឋាភិបាលនាពេលកន្លងមក។ ដោយក្នុងនោះក៏បានបង្ហាញពីការ «ចង់ឲ្យប្រាក់ចំណូល ដែលប្រមូលបានពីការផាកពិន័យ ត្រូវដាក់ចូលក្នុងថវិកាជាតិទាំងអស់ ហើយនគរបាលចរាចរណ៍ ត្រូវមានប្រាក់ឧបត្ថម្ភ និងប្រាក់ខែសមរម្យ ដើម្បីឲ្យពួកគាត់អាចរស់ នៅក្នុងជីវភាពថ្លៃថ្នូរ ជៀសវាងការយកលុយបន្ថែមពីប្រជាពលរដ្ឋ»។

កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានប្រកាសថា ប្រាក់ចំណូលដែលបានពីការផាកពិន័យចរាចរណ៍ផ្លូវគោក ត្រូវបានបែងចែកជាចំណែកដូចខាងក្រោម៖

* បង់ចូលថវិកាជាតិចំនួន ៤% នៃប្រាក់ពិន័យដែលប្រមូលបាន

* ផ្តល់ជូនក្រសួងមហាផ្ទៃចំនួន ៩៥% នៃប្រាក់ពិន័យដែលប្រមូល បានសម្រាប់ចំណាយឧបត្ថម្ភជូនមន្ត្រី និងពង្រឹងយន្តការប្រមូលចំណូល និងបែងជូនដល់អង្គភាព គោលដៅដូចខាងក្រោម៖

នគរបាលចរាចរណ៍ផ្លូវគោក ដែលបំពេញភារកិច្ច នៅនឹងកន្លែង ចំនួន៧០%
នាយកកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ១០%
ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានី ខេត្ត ចំនួន៩%
ផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលក្រុង ស្រុកខណ្ឌ ចំនួន៥%
ផ្តល់ជូនអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ១%

* ផ្តល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន១ភាគរយ នៃប្រាក់ពិន័យដែលប្រមូលបាន។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងក្រសួងមហាផ្ទៃ៖

នគរបាលចរាចរណ៍នឿយហត់ខ្លាំងណាស់ ធ្វើការពីថ្ងៃចន្ទដល់អាទិត្យ ពីពេ...

នគរបាលចរាចរណ៍នឿយហត់ខ្លាំងណាស់ ធ្វើការពីថ្ងៃចន្ទដល់អាទិត្យ ពីពេលព្រឹកដល់យប់ គ្មានពេលសំរាកនោះទេ

Posted by Fresh News on Saturday, January 9, 2016