(កំពង់ធំ)៖ ប្រធានទីផ្សារធនាគារស្ថាបនា បានចេញមកបកស្រាយ និងឆ្លើយតបភ្លាមៗថា ជនសង្ស័យដែលត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ពាក់ព័ន្ធការគំរាមសម្លាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាតាមប្រព័ន្ធ Facebookនោះ មិនមែនជាបុគ្គលិករបស់ខ្លួននោះឡើយ ។ មិនមែនជាបុគ្គលិករបស់ខ្លួន ត្រូវបានប្រធានទីផ្សាររូបនេះ បញ្ជាក់ថា តាមការពិត កាលពីពេលកន្លងទៅបុគ្គលិករបស់ខ្លួនម្នាក់ បានយកទូរស័ព្ទរបស់ខ្លួនទៅលក់ ភ្ជាប់ជាមួយលេខទូរស័ព្ទ ហើយក្រោយមកទូរស័ព្ទ និងលេខនោះ ត្រូវបានគេទិញបន្ត គឺជាជនសង្ស័យរូបនេះតែម្តង ។

ក្រោយទិញទូរស័ព្ទហើយ ជនសង្ស័យបានបង្ហោះសារគំរាមសម្លាប់សម្តេចតេជោ ហ៊ុន សែន ហើយបន្ទាប់មកកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវតាមរយ:លេខទូរស័ព្ទនេះ ។ ដោយបុគ្គលិក​ធនាគារស្ថាបនាជាម្ចាស់ទូរស័ព្ទ និងលេខទូរស័ព្ទ មិនទាន់បានកាត់ឈ្មោះ ក៏ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំ ហៅទៅសួរនាំ តែក្រោយការសួរនាំរកឃើញថា រួបគេមិនជាប់ពាក់ព័ន្ធ​ក៏អនុញ្ញាតឲ្យត្រឡប់​ទៅផ្ទះវិញ ហើយបន្តស្រាវជ្រាវរហូតតាមចាប់ខ្លួនជនសង្ស័យពិតប្រាកដតែម្តង។

ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៌ ជូ សំអាន បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះថា កម្លាំងនគរបាលរបស់លោក បានចាប់ខ្លួន ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធការបង្ហោះសារគំរាមសម្លាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពជា តាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook ដែលបានបង្ហោះកាលពីពេលកន្លងទៅ។

លោកឧត្តមសេនីយ៌ស្នងការ បានបញ្ជាក់ថា ជនសង្ស័យរូបនេះ មានឈ្មោះ អ័រ អាយុ២៨ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីម្សិលមិញ ស្ថិតនៅឃុំកោះ ស្រុកសន្ទុក។  ហើយនៅព្រឹកថ្ងៃនេះ ជនសង្ស័យកំពុង​ស្ថិតក្រោមការសាកសួរ របស់លោក សៀង សុខ ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត។