(បន្ទាយមានជ័យ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ព្រឹត្តិការណ៍បុណ្យស្រូវនិងបុណ្យចំបើង ដែលប្រារព្ធនៅខេត្តបន្ទាយមានជ័យ ពេលនេះ គឺជាការផ្សព្វផ្សាយនូវសក្កានុពលកសិទេសចរណ៍ នៅកម្ពុជា។

ពិធីបុណ្យចំបើង និងបុណ្យស្រូវលើកទី២ ត្រូវបានធ្វើឡើងនៅខេត្តបន្ទាយមានជ័យ រយៈពេល៣ថ្ងៃ នៅថ្ងៃទី៤-៦ ខែមករា ឆ្នាំ២០១៦។

លោក ថោង ខុន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ក៏រួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងសមត្ថភាព ការកែលម្អគុណភាពសេវាកម្ម ក្នុងឧស្សាហកម្មទេសចរណ៍ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីអច្ឆរិយៈភាព នៃវប្បធម៌ដ៏ចំណាស់ នៃការដាំដំណាំស្រូវរបស់បុព្វបុរសខ្មែរ ដែលជាការចូលរួមបង្កើននូវកិត្យានុភាព និងភាពទាក់ទាញបន្ថែមទៀត សម្រាប់វិស័យទេសចរណ៍កម្ពុជា។លោកសង្ឃឹមថា ពិធីបុណ្យស្រូវ និងបុណ្យចំបើងនេះ អាចនឹងត្រូវប្រារព្ធ នៅខេត្តនានា ដែលមានសក្តានុពលកសិ-ទេសចរណ៍ នៅឆ្នាំក្រោយៗទៀត។

លោករដ្ឋមន្ត្រីក៏អំពាវនាវផងដែរដល់ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ផ្នែកឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់ខ្ជាប់នូវស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការអភិវឌ្ឍសង្គមជាតិ ធ្វើយ៉ាងណាធានាឱ្យមានការអភិវឌ្ឍបៃតង ស្របតាមគោលការណ៍និរន្តរភាព និងទស្សនទាន «បៃតង និងស្អាត»៕