(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែង​ មន្ត្រីរាជការ​សាលាស្រុកភ្នំក្រវាញ​ ចំនួន​០៣រូប នាព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាស្រុក ដោយមានការចូលរួមពី លោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរង​ នៃគណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំបណ្តាមន្ទីរ និង អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរឃុំ និងមន្រ្តីរាជការ ជុំវិញស្រុកជាច្រើននាក់។

ផ្នែកតាមប្រកាសលេខ៦០៩៨.ប្រក​ ចុះថ្ងៃទី០៣​ ខែកក្កដា ឆ្នាំ២០១៥​ ​របស់ក្រសួងមហាផ្ទៃ ដែលអានដោយលោក ម៉ូវ​ ម៉ានិត​ នាយករដ្ឋបាលសាលាខេត្ត ត្រូវបានសម្រេចប្រកាសតែងតាំងលោក​ ទឹម​ យាន​ អតីតជានាយករដ្ឋបាលសាលាស្រុក មកជាអភិបាលរង នៃគណៈអភិបាលស្រុកភ្នំក្រវាញ​ និង​មន្ត្រី២រូបទៀត​ គឺលោក​ ឡាំ​ សុផល​ ជា​នាយករងរដ្ឋបាល​ និង​លោក​ ឆេង​ ជឿន​ ជាប្រធានការិយាល័យអន្តរវិស័យ សាលាស្រុកភ្នំក្រវាញ​ តាមដីកាលេខ​០៣​ ចុះថ្ងៃទី​០២​ ខែ​មេសា​ ឆ្នាំ​២០១៥​ របស់សាលាខេត្ត​។

លោក​ ទឹម​ យាន​ អភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ​ ដែលទើបតែងតាំងថ្មី បានថ្លែងអំណរគុណចំពោះ ប្រមុខរាជរដ្ឋាភិបាល​ និង​ក្រសួងមហាផ្ទៃ​ ពិសេសលោកអភិបាល នៃគណៈអភិបាលខេត្ត​ ដែលបានចាត់តាំងឲ្យរូបលោក​ ជាអភិបាលរងនៃគណៈអភិបាលស្រុក​។​ ក្នុងនាមអភិបាលរង នៃគណៈអភិបាលស្រុក​ លោក​ ទឹម​ យាន​ បានប្តេជ្ញាចិត្តខិតខំអនុវត្ត​ និង​ បំពេញការងារឲ្យអស់ពីសមត្ថភាព តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ឲ្យ ទាំងការគោរពច្បាប់ លិខិតបទដ្ឋាននានា ការងារគ្រប់គ្រងរដ្ឋបាលស្រុក ការងារអភិវឌ្ឍន៍​ ជម្រុញកាងារអនុវត្តគោលនយោបាយ​ ភូមិឃុំ​ មានសុវត្ថិភាព បង្ការបង្រ្កាបបទល្មើសផ្សេងៗ​ ឲ្យមានប្រសិទ្ធិភាព​ ដើម្បីជាសេនាធិការដ៏រឹងមាំ​ ឲ្យគណៈបញ្ជាការឯកភាពខេត្ត​ និង​ផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ​។

លោក ម៉ៅ ធនិន បានថ្លែងថា៖ ការប្រកាសតែងតាំងចូលកាន់មុខតំណែង លោក​ ទឹម​ យាន​ អតីតជានាយករដ្ឋបាលសាលាស្រុក មកជាអភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ​ និង​មន្ត្រី២រូបទៀត គឺជាការគិតគូររបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃ តែងតែមានការផ្លាស់ប្តូរជាធម្មតា ទៅតាមសភាពការជាក់ស្តែង នៅក្នុងតំបន់នោះ។ នៅពេលទទួលបានមុខងារ ស្របតាមលក្ខណៈច្បាប់ហើយនោះ សូមលោក អនុវត្តការងារ និងត្រូវចែករំលែកការងារទាំងនោះ ទៅថ្នាក់ក្រោមរបស់ខ្លួន មានកិច្ចសហការល្អ ជាមួយថ្នាក់ក្រោម ចៀសវាងការច្រណែនឈ្នានីស ប្រកាន់បក្ខពួក ដែលនាំឲ្យការងារមិនរលូន។ លោកបានបន្ថែមទៀតថា យើងធ្វើជាម៉ែឪគេ ត្រូវធ្វើយ៉ាងណាឲ្យកូនចៅ គោរពស្រឡាញ់ចូលចិត្ត ធ្វើតែអំពើល្អ នឹងម៉ឹងម៉ាត់ ចំពោះការងាររដ្ឋបាលរបស់ខ្លួន ដែលគ្រប់គ្រង។ ក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋ​ ត្រូវធ្វើអោយប្រជាពលរដ្ឋស្រឡាញ់​ និងគាំទ្រ​ មិនត្រូវប្រព្រឹត្តអ្វីដែលប៉ះពាល់ ដល់ប្រជាពលរដ្ឋជាដាច់ខាត៕