(ព្រះសីហនុ)៖ ដូចអ្វីដែលបានគ្រោងទុក នាវាដឹកជញ្ជូនវត្ថុធាតុដើម សម្រាប់បម្រើដល់វិស័យវាយនភណ្ឌកាត់ដេរ ជើងទី១ បានដឹកមកដល់កំពង់ផែខេត្តព្រះសីហនុហើយ នៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។

កំពង់ផែខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថា «ថ្ងៃចន្ទ១ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នាវា SITC Fujian ដែលដឹកជញ្ជូនវត្ថុធាតុដើម សម្រាប់វិស័យវាយនភណ្ឌកាត់ដេរ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង១១៖២៥នាទីយប់»

នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា រដ្ឋាភិបាលចិនបានរៀបចំនាវាចំនួន៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើម មកផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជា ស្របពេលមានវិបត្តិកូវីត១៩ ដែលបណ្តាលឱ្យរោងចក្រមួយចំនួនក្នុងប្រទេសកម្ពុជា បង្ខំចិត្តផ្អាកការងារដោយសារខ្វះវត្ថុធាតុដើម។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ជើងទី១របស់នាវាចិន ដែលដឹកសម្ភារៈវត្ថុធាតុដើមពីប្រទេសចិនមកកាន់កម្ពុជា មកដល់កំពង់ផែកម្ពុជានៅថ្ងៃទី០៩ ខែមីនា ហើយជើងទី២ នឹងមកដល់នៅថ្ងៃនេះ ហើយនឹងមានមកដល់បន្តបន្ទាប់ទៀត។

នៅថ្ងៃម្សិលមិញនេះផងដែរ ស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការជួយដល់កម្ពុជា ពាក់ព័ន្ធករណីខ្វះវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា។

ស្ថានទូតចិនបញ្ជាក់ថា នាវាជើងទី១ ដែលមកដល់កំពង់ផែក្នុងព្រះសីហនុមុនគេនេះ មានផ្ទុកវត្ថុធាតុដើមវិស័យវាយនភណ្ឌកាត់ដេរជាង៦០កុងតឺន័រ ខណៈនាវាដឹកវត្ថុធាតុដើមផ្សេងទៀត នឹងមកដល់កម្ពុជាបន្តបន្ទាប់ ដែលនេះនឹងជួយខាតបង់របស់កម្ពុជា អាចធ្លាក់ដល់អត្រាទាបបំផុត៕