(កំពង់ស្ពឺ)៖ ដំណើរចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវបានថ្នាក់ដឹកនាំខេត្តក៏ដូចជា ប្រជាពលរដ្ឋនៅទីនោះ បានសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយបានធ្វើការព្យាបាល និងចែកជូនថ្នាំពេទ្យដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង២ពាន់នាក់។

សូមជម្រាបជូនថា ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស...។ល។

ជាក់ស្តែងនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ក្រុមការងារគ្រូពេទ្យស្ម័គចិត្តលោក ហ៊ុន ម៉ានី ចំនួន៥៥២នាក់ បានបន្តចុះពិនិត្យ-ព្យាបាលជូនប្រជាពលរដ្ឋចំនួន២,៥៦៧នាក់ នៅវត្តតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមការចូលរួមពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រួមជាមួយនឹងថ្នាក់ដឹកនាំខេត្ត និងក្រុមការងារគ្រូពេទ្យជាច្រើនរូបទៀតផងដែរ។

ជាមួយគ្នានោះដែរ នៅក្នុងកម្មវិធីមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការចែកក្រមាដ៏ស្រស់ស្អាតជាង១,០០០នាក់ ជូនដល់ប្រជាពលរដ្ឋជាស្រ្តីដែលមកពិនិត្យ និងព្យាបាលមិនគិតថ្លៃ និងអ្នកគ្រូពេទ្យដែលមកពិនិត្យជូនអ្នកជំងឺ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទុកជាវត្ថុអនុស្សាវរីយ៍ ក្នុងឱកាសនៃថ្ងៃទិវាសិទ្ធនារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះគឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ពលរដ្ឋម្នាក់ក្នុងចំនោមប្រជាពលរដ្ឋជាង២ពាន់នាក់បានឲ្យដឹងថា រូបគាត់ពិតជាមានភាពសប្បាយរីករាយជាខ្លាំង ខណៈដែលបានឃើញក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានអញ្ជើញចុះមកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋជាច្រើននាក់ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការដែលក្រុមគ្រូពេទ្យចុះមកពិនិត្យនេះ បានធ្វើឲ្យរូបគាត់ចំណេញច្រើនណាស់ ជាពិសេសបានជួបវេជ្ជបណ្ឌិត ដែលមានជំនាញច្បាស់លាស់ និងម្យ៉ាងវិញទៀតនោះ គឺមិនអស់ប្រាក់កាកទៀតផង។

ប្រជាពលរដ្ឋម្នាក់ទៀតរស់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានថ្លែងកោតសរសើរដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលបានខិតខំ និងប្រើប្រាស់ពេលវេលា មកពិនិត្យ និងព្យាបាលជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃដល់រូបគាត់ និងអ្នកជំងឺទាំងអស់។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ១២២នាក់, ជំងឺស្រ្តី៧៦នាក់, ជំងឺផ្លូវចិត្ត៨៩នាក់, ជំងឺឫសដូងបាត៩៨នាក់, ជំងឺសន្លាក់ឆ្អឹង៥៥នាក់, ជំងឺរលាកសួត៣៦នាក់, ជំងឺត្រចៀក ច្រមុះបំពង់ក៤៨នាក់, ជំងឺភ្នែក៥៦នាក់, ជំងឺសើរស្បែក៤៤នាក់, ជំងឺទឹកនោមផ្អែ៧៨នាក់, ជំងឺមាត់ធ្មេញ៨៦នាក់, អេកូសាស្ត្រ៩៦នាក់, ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម៤២នាក់, វាស់ចង្វាក់បេះដូង៩៥នាក់, ផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់៩២នាក់, វិភាគឈាមនិងបន្ទប់ពិសោធន៍១៣០នាក់, ព្យាបាលរបួសនិងវះកាត់តូច៦៨នាក់ និងជំងឺទូទៅ១២៥៦នាក់៕