(ពោធិ៍សាត់)៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ លោកស្រី យឹម ឆៃលីន ប្រធានកិត្តិយស បានអញ្ជើញមកពិនិត្យ និង ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ នៅស្រុកកណ្ដៀងដោយឥតគិតថ្លៃ នាព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៥ នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កណ្ដៀង ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ក្រុមការងារថ្នាក់ខេត្ត និង ថ្នាក់ដឹកនាំមន្ទីរនានាមួយចំនួនទៀត ។
លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកកណ្ដៀង បានឲ្យដឹងថា ៖ អ្នកជំងឺដែលមកចូលរួមថ្ងៃនេះ មានចំនួនជិត ១០០០នាក់ មកពីឃុំទាំង០៩ ក្នុងស្រុកកណ្ដៀង ក្នុងមានឃុំរាំងទិល ឃុំកញ្ជរ ឃុំស្យា ឃុំកណ្ដៀង ឃុំស្រែស្ដុក ឃុំអន្លង់វិល ឃុំកោះជុំ ឃុំវាល និង ឃុំស្វាយលួង ។ លោកបានបន្ថែមទៀតថា អ្នកជំងឺនៅមានច្រើនទៀត ប៉ុន្តែមួយចំនួនមិនអាចមកបាន ដោយសារនៅឆ្ងាយ ផ្លូវលំបាកធ្វើដំណើរ ចាស់ជរា និង ខ្វះសោហ៊ុយធ្វើដំណើរជាដើម ។ កន្លងមកនេះ ក្រុមការងារដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម និង ក្រុមគ្រូពេទ្យមូលនិធិបាយ័ន ដឹកនាំដោយ លោកស្រី ហ៊ុន ម៉ាណា ក៍ធ្លាប់នាំក្រុមគ្រូពេទ្យ មកពិនិត្យ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកកណ្ដៀននេះដែរ ។
លោក ហេង សុខគង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តពោធិ៍សាត់ បានជម្រាបជូនថា ៖ «ក្រុមគ្រូពេទ្យមកថ្ងៃនេះ សុទ្ធតែមានបទពិសោធន៍ ក្នុងការពិនិត្យព្យាបាលជំងឺ ទៅតាមជំនាញរៀងៗខ្លួន និង បានបញ្ចប់ការសិក្សានៅប្រទេសអាមេរិក ប្រទេសអាឡឺម៉ង់ ប្រទេសអូស្ត្រាលី ប្រទេសរុស្សី ប្រទេសថៃ និង ប្រទេសវៀតណាម ។ យើងមានរថយន្តមន្ទីរពិសោធន៍ចល័ត សម្រាប់ពិនិត្យឈាមរកមេរោគផ្សេងៗ មានបន្ទប់វះកាត់ក្នុងរថយន្ត ពិនិត្យជំងឺកុមារ ជំងឺភ្នែក មាត់ធ្មេញ ច្រមុះត្រចៀក បំពង់ក ក្រពះពោះវៀន រោគស្ត្រី ពិនិត្យផ្ទៃពោះ ជំងឺផ្លូវចិត្ត ជំងឺសើរស្បែក ជំងឺកាមរោគ និង ជំងឺទូទៅផ្សេងៗទៀត ។ ក្រោយពីពិនិត្យដឹងថា មានរោគអ្វីហើយនោះ អ្នកជំងឺអាចទទួលការព្យាបាលភ្លាមៗ ដោយចាក់ថ្នាំ វះកាត់ និង ផ្ដល់ថ្នាំសង្កូវសម្រាប់យកទៅលេបនៅផ្ទះ» ។
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ផងដែរថា ៖ «នេះជាឱកាសល្អណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺ ហើយកន្លងមកគ្មានលទ្ធភាពព្យាបាលនោះ ។ ឥឡូវនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា បានមកពិនិត្យ និង ព្យាបាលជំងឺ ជូនបងប្អូនដោយឥតគិតថ្លៃហើយ ដូច្នេះសូមបងប្អូនដែលមានជំងឺផ្សេងៗ អញ្ជើញមកឲ្យបានរួសរាន់ ព្រោះក្រុមគ្រូពេទ្យ មានពេលវេលាតែមួយថ្ងៃប៉ុណ្ណោះ» ។ លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី យឹម ឆៃលីន ដែលបានដឹកនាំ ក្រុមគ្រូពេទ្យ របស់សហភាពសហព័ន្ធយុវជនកម្ពុជា មកពិនិត្យ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកកណ្ដៀងនាពេលនេះ ។
មានមតិសំណេះសំណាលនាឱកាសនោះ លោកស្រី យឹម ឆៃលីន បានថ្លែងថា ៖ «ការនាំគ្រូពេទ្យ មកពិនិត្យ និង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកកណ្ដៀងដោយឥតគិតថ្លៃថ្ងៃនេះ ជាការជួយសម្រួលដល់ការចំណាយថវិការបស់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ ពុំមានលទ្ធភាពព្យាបាលជំងឺរបស់ខ្លួន ហើយចេះតែទុកៗទៅរហូតកាន់តែធ្ងន់ធ្ងរ ឈានដល់ដំណាក់កាលមួយព្យាបាលមិនបាន មានតែការរង់ចាំសេចក្ដីស្លាប់ប៉ុណ្ណោះ ។ សុខភាពសំខាន់ណាស់សម្រាប់មនុស្សយើងគ្រប់រូប បើយើងម្នាក់ៗ មានសុខភាពល្អហើយយើងអាចធ្វើអ្វីៗបានទាំងអស់ តែបើយើងឈឺវិញ ពិតជាមានការលំបាកគ្រប់យ៉ាង ។ លោកជំទាវ សូមឲ្យយាយតាពុកម៉ែបងប្អូន ឲ្យគ្រូពេទ្យពិនិត្យ និង ព្យាបាលជំងឺ ទៅតាមជំនាញ និង អនុវត្តន៍តាមវេជ្ជបញ្ជា ឲ្យបានត្រឹមត្រូវ ដើម្បីសុខភាពល្អអនាគតបវររុងរឿង» ៕