(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងផ្លូវការ និងបន្ទាន់មួយស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ បន្ទាប់ពីលទ្ធផលនៃការអង្កេតតាមដានគុណភាពខ្យល់បានបង្ហាញថា ស្ថានភាពគុណភាពខ្យុល់មានការធ្លាក់ចុះគួរឲ្យបារម្ភ ជាពិសេសកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM10 និង PM2.5 មានការកើនឡើងលើសកំណត់ស្តង់ដារ ដែលជាហានិភ័យបង្កការប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋ។

ក្រសួងបរិស្ថាន បានបង្ហាញពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ដូចខាងក្រោម៖

១៖ ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតសំរាម និងសំណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំរាម
២៖ ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋារចនាសម័្ពន្ធនិងធូលីហុយនៅតាមដងផ្លូវ
៣៖ សម្អាតអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ
៤៖ អប់រំប្រជាពលរដ្ឋកុំឲ្យដុតសំរាម សំណល់រឹង ការដុតស្មៅ គល់ជញ្រ្ជាំង និងសំណល់កសិកម្មផ្សេងៗទៀត។