(ភ្នំពេញ)៖ ក្រោយខិតខំរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតាមតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ អស់រយៈពេល ៣ថ្ងៃកន្លងទៅ កម្ពុជាទទួលបានការកោតស្ងប់ស្ងែងយ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាពិភពលោកដ៏ធំលើកដំបូងនេះ ក្នុងនោះមានដូចជាសហព័ន្ធកីឡាប្រណាំងកង់អន្តរជាតិ (UCI) ក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោក បណ្ដាញសារព័ត៌មាន គេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមជាតិ-អន្តរជាតិជាច្រើនទៀត។

ក្រោយបញ្ចប់ការប្រគល់ពានរង្វាន់ជូនក្រុមកីឡាករជយលាភី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្ងែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «គេអត់នឹកស្មានថាកម្ពុជាយើងរៀបចំព្រឹត្តិការណ៍កីឡាប្រណាំងកង់ពិភពលោកលើកទី១ ហើយបានល្អដូច្នេះទេ មានគេសរសេរល្អច្រើនណាស់។ តាមតែកម្ពុជាធ្លាប់ឆ្លងកាត់ភាពជូរចត់ក្នុងប្រវត្ថិសាស្ត្រកាលពីជាង៤០ឆ្នាំមុន គឺគេមិននឹកស្មានទាល់តែសោះ ខ្ញុំមើលលើវេបសាយរបស់គេ គឺសរសេរបែបហ្នឹងច្រើនមែនទែន»

ជាមួយគ្នានោះ លោក Bruno BODARD អគ្គនាយក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ក៏បានចូលរួមកោតសរសើរដោយផ្ទាល់ ចំពោះការរៀបចំព្រឹត្តិការណ៍នេះផងដែរ ហើយថែមទាំងបានស្ងើចសរសើរពីទិដ្ឋភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ទេសភាពដ៏ស្រស់បំព្រងនៅតាមដងផ្លូវ និងតំបន់នានា។

ក្នុងពេលទស្សនាការប្រណាំងកង់ខាងលើនេះ ប្រជាពលរដ្ឋនៅតាមដងផ្លូវភូមិស្រុកជាច្រើនកុះករក៏បង្ហាញពីភាពសប្បាយរីករាយខ្លាំងណាស់ដែរ ហើយបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលមានវ័យចំណាស់ៗផងនោះ គឺពួកគាត់បញ្ជាក់ថា រយៈពេល៥០ឆ្នាំហើយ ពួកគាត់ទើបតែឃើញមានការប្រណាំងកង់ពិភពលោកនាពេលនេះទេ។

លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណ និងកោតសរសើរដល់ប្រជាពករដ្ឋ អាជ្ញាធរខត្តទាំង៤ អាជ្ញាធរក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានក្នុងខេត្តទាំង៤នាក់ កងកម្លាំងសមត្ថកិច្ច ក្រុមការងាររៀបចំព្រឹត្តិការណ៍ ក្រុមអ្នកសារព័ត៌មានជាតិ-អន្តរជាតិ រមណីយដ្ឋានតារាសាគរ រមណីយដ្ឋានសុខាបូកគោ និងផ្នែកពាក់ព័ន្ធនានា ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការចូលរួមសហការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយ នៅតាមដងផ្លូវនៃការប្រកួត សម្រាប់ព្រឹត្តិការណ៍ពិភពលោកដ៏ធំលើកដំបូងនេះ។

លោកបានបន្តថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតាមតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ពិតជាបានជួយច្រើនណាស់ដល់កម្ពុជា ក្នុងការផ្សព្វផ្សាយតំបន់ឆ្នេរសមុទ្រដ៏ស្អាតរបស់កម្ពុជា រមណីយដ្ឋានទេសចរណ៍ តំបន់អេកូទេសចរណ៍ តំបន់ការពារធនធានធម្មជាតិ និងទេសភាព ជីវភាពរបស់ប្រជាពលរដ្ឋ ពិសេសសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមជាមួយសារ «អរគុណសន្តិភាព»

រីឯលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានលើកឡើងថា តាមរយៈព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះ ក៏បានផ្ដល់បទពិសោធន៍ចំណេះដឹងយ៉ាងច្រើនក្រៃលែងដល់កីឡាករប្រណាំងកង់កម្ពុជា ពិសេសដល់សហព័ន្ធកីឡាទោចក្រយានកម្ពុជា ដែលកាន់តែអាចពង្រីកសមត្ថភាពបន្ថែម ក្នុងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន កម្ពុជាពិតជាចង់ឱ្យព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះ ប្រព្រឹត្តទៅរៀងរាល់ឆ្នាំនៅក្នុងប្រទេសខ្លួនខ្លាំងណាស់ និងបានស្នើទៅកាន់សហព័ន្ធកីឡាប្រណាំងកង់អន្តរជាតិ (UCI) និងក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោក សូមចូលរួមសហការរៀបចំព្រឹត្តិការណ៍បន្តទៅឆ្នាំក្រោយៗទៀត៕