(ព្រៃវែង)៖ លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានថ្លែងថា ដោយសារមានសុខសន្តិភាព ទើបប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើន គួរឲ្យកត់សម្គាល់ដូចជា សាលារៀន មន្ទីរពេទ្យផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងបងប្អូនប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពពេញលេញ ក្នុងការរស់នៅក្នុងការបញ្ចេញមតិ ក្នុងការប្រកបមុខរបរចិញ្ចឹម ជីវិតរាងៗខ្លួន ប្រកបដោយស្នាមញញឹម និងភាពជឿជាក់។

ការថ្លែងបែបនេះ នៅក្នុងពិធីគម្រប់ខួបទី៤១ នៃទិវាជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ ថ្ងៃ៧មករា ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដែលមានការចូលរួមលោក ជា សុមេធី អភិបាលខេត្តព្រៃវែង សមាជិក-សមាជិកា ចូលរួមប្រមាណ៥,០០០នាក់។

លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងទៀតថា ថ្ងៃនេះ ជាថ្ងៃគម្រប់ខួបទី ៤១ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលបានផ្ដលរំលំ របបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះ បានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុត នៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

លោកបន្តថា ប្រជាជនកម្ពុជាយើងនៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស កំពុងអបអរសាទរយ៉ាងក្លៀវក្លា នូវខួបអនុស្សាវរីយ៍នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈ ដ៏ឧត្តុង្គឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានប្រយុទ្ធធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។

លោកបន្ដទៀតថា យើងក៏សូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅ ចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌លើពិភពលោក ដែលបានជួយឧបត្ថម្ភគាំទ្រ ចំពោះបុព្វហេតុដ៏ថ្លៃថ្លាបំផុតនេះ។ ព្រមជាមួយនេះ យើងទាំងអស់គ្នា សូមលំឱនកាយ សង្រួមចិត្តគោរពវិញ្ញាណក្ខ័ន្ធជនរួមជាតិរាប់លាននាក់ ដែលបានបាត់បង់ជីវិត ទៅយ៉ាងអយុត្តិធម៌បំផុតដោយសារសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ហើយឧទ្ទិសបួងសួងសូម ឲ្យដួងវិញ្ញាណក្ខ័ន្ធរបស់លោកអ្នកទាំងអស់នោះ បានទៅកាន់សុគតិភព ជារៀងដរាប។

ជាមួយគ្នានោះ លោក ស្បោង សារ៉ាត សូមគោរព និងប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងការពារនូវសុខសន្តិភាពនេះ ឲ្យបាន១០០ភាគរយ ទោះបីនៅក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ៕