(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងនិងប្រតិភូ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ បានដឹកនាំយកអំណោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាថវិកា២៥លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសពកម្មករសំណង់ចំនួន៥នាក់ នៅភូមិស្នួលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលបានស្លាប់ដោយសារបាក់អគារ នៅខេត្តកែប។

លោក ងួន រតនៈ បានឲ្យដឹងថា បន្ទាប់ពីមានករណីដួលរលំអគារនៅខេត្តកែប
នៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ បណ្តាលឲ្យប្រជាពលរដ្ឋរងគ្រោះសរុប៥៩នាក់ ស្រី ២២នាក់ ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ ស្រី១៤នាក់ និងរបួសចំនួន ២៣នាក់ ស្រី០៨នាក់។ ដោយឡែក ខេត្តបាត់ដំបង នៅស្រុកថ្មគោល មានប្រជាពលរដ្ឋជនរងគ្រោះចំនួន០៦នាក់ ក្មេងស្រី០២នាក់ ស្លាប់ចំនួន ០៥ នាក់ (ស្រី០២នាក់) និងរបួសចំនួន០១នាក់(ប្រុស)។

សូមបញ្ជាក់ថា អ្នកស្លាប់ និងរងរបួសទាំង៦នាក់ ដូចមានរាយនាមខាងក្រោម៖

១៖ ឈ្មោះ សឹត ប្រិយ៍ ភេទ ប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ( រងរបួស) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកែប។
២៖ ឈ្មោះ សៀន សឿម ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់)។
៣៖ ឈ្មោះ រចនាថារី ភេទស្រី អាយុ ២៦ឆ្នាំ រស់នៅភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់) ត្រូវជាប្រពន្ធ របស់ឈ្មោះ សៀន សៀម។
៤៖ ឈ្មោះ សឿម វិច្ឆ័យ ភេទប្រុស អាយុ ០៩ឆ្នាំ រស់នៅភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់) ត្រូវជាកូនបង្កើតរបស់ឈ្មោះ សៀន សៀម និងឈ្មោះ រចនា ថាវី។
៥៖ ឈ្មោះ ស៊ឹម ស្រីណា ភេទស្រី អាយុ០៣ខែ រស់នៅភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់) ត្រូវជាកូនបង្កើត របស់ឈ្មោះ សៀន សៀម និងឈ្មោះ រចនា ថារី។
៦៖ ឈ្មោះ រចនា សីលា ភេទ ប្រុសអាយុ ២៤ឆ្នាំ រស់នៅភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង (ស្លាប់) ត្រូវជាប្អូនប្រុសបង្កើតឈ្មោះ រចនា ថារី។

សពត្រូវបានក្រុមការងារដឹកយកមកតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ភូមិស្នូលកោង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ថវិកាចំនួន២៥លានរៀល ដែលបាននាំយកមកចូលបុណ្យសពទាំង៥នាក់ក្នុងនោះមាន ថវិការបស់សម្តេចក្រឡាហោម ស ខេង ចំនួន១០លានរៀល, ថវិការបស់រដ្ឋបាលខេត្ត និងមន្ទីរស្ថាប័នរដ្ឋចំនួន១០លានរៀល, សាខាកាកបាទក្រហមខេត្តចំនួន៥លានរៀល និងសម្ភារមួយចំនួន៕