(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះទាំងអស់ ក្នុងសោកនាដកម្មរលំអគារ ក្នុងខេត្តកែប។ នេះបើតាមសារលិខិតរំលែកទុក្ខរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។

សារលិខិតរំលែកទុក្ខ របស់ គ.ជ.ប បានឲ្យដឹងថា «ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យើងខ្ញុំមានសេចក្តីក្រៀមក្រំបំផុត ចំពោះឧបទ្ទវហេតុដ៏សោកសង្រេង នៃការបាក់រលំអគារកម្ពស់ប្រាំពីរជាន់ កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីពេលកន្លងទៅនេះ»

សារលិខិតបានបន្ដថា ស្ថិតក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ ពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជម្នះលើបញ្ហាប្រឈមចំពោះមុខនេះ យើងខ្ញុំសូមចូលរួមរំលែក នូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាពន់ពេក ជាមួយក្រុមគ្រួសារ និងសាច់ញាតិដែលបានបាត់បង់សមាជិករបស់ខ្លួន និងសូមសម្តែងនូវក្តីអាណិត ស្រណោះយ៉ាងក្រៃលែង ចំពោះបងប្អូនកូនក្មួយជាជនរងគ្រោះនៅក្នុងហេតុការណ៍ ដ៏សោកសៅដោយក្តីក្តុកក្តួលជាទីបំផុត។

ជាទីបញ្ចប់នេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ បងប្អូនកូនក្មួយ ទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ និងសូមជូនពរ បងប្អូន កូនក្មួយមានរបូស ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកែប សូមឆាប់ជាសះស្បើយ និងបានវិលមកប្រកបជីវភាពរស់នៅជាធម្មតាវិញ។

សូមបញ្ជាក់ថា អគារកម្ពស់៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។ ករណីរលំអគារនេះ បណ្តាលឲ្យមានមនុស្សស្លាប់៣៦នាក់ (ស្រី១៤នាក់) និងរងរបួសធ្ងន់ស្រាល២៣នាក់ (ប្រុស១៥ ស្រី៨នាក់)៕