(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តនិគ្រោធារាម ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា កត្តាសុខសន្តិភាព នាំមកនូវការរីកចម្រើនលើគ្រប់វិស័យ ផ្តល់សេចក្តីសុខដល់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធា។

លោកអភិបាលខេត្តបានថ្លែងបន្តថា សមិទ្ធផលដែលកំពុងមាននៅក្នុងទីអារាមហើយត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ពិតណាស់ជាផ្លែផ្កាបានមកអំពីប្រទេសជាតិយើងមានសុខសន្តិភាព ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ព្រមទាំងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ រួមជាមួយនឹងសប្បុរសជន និងប្រជាពលរដ្ឋយើងផងដែរ។

លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា «កត្តាសន្តិភាពបានជួយលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋ ធ្វើឲ្យមានថវិកា សហការគ្នានៅក្នុងការអភិវឌ្ឍលើវិស័យព្រះពុទ្ធសាសនា នៅតាមទីវត្តអារាមនាៗ តាមមូលដ្ឋានរៀងៗខ្លួន»

ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាសុខសន្តិភាពបន្តទៅទៀត ដើម្បីអភិវឌ្ឍប្រទេសជាតិរបស់យើងឲ្យកាន់តែមានការរីកចម្រើន និងបង្កើនជីវភាពកាន់តែសម្បូរសប្បាយថែមទៀត។

ជាមួយគ្នានោះដែរលោកអភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចត្រូវរួមសហការគ្នាជាមួយនឹងប្រជាពលរដ្ឋ ដើម្បីបង្ការ និងបង្ក្រាបលុបបំបាត់បទល្មើសគ្រឿងញៀន។ ដោយឡែកលោកគ្រូ-អ្នកគ្រូ ត្រូវយកបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀននេះ ធ្វើការផ្សព្វផ្សាយបញ្ជ្រាបនៅតាមសាលារៀន ឲ្យក្រុមយុវជនបានយល់ដឹងទូលំទូលាយ ដើម្បីឱ្យពួកគេជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយងាកមកខិតខំសិក្សារៀនសូត្រ ឲ្យក្លាយទៅជាសិស្សល្អគ្រប់ៗគ្នា សមជាទំពាំងស្នងឬស្សី ជួយដល់ខ្លួនឯង ជួយដល់គ្រួសារ និងជួយអភិវឌ្ឍន៍សង្គមជាតិនាថ្ងៃអនាគត៕